(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅព្រឹកថ្ងៃចន្ទនេះបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើជាគណៈអធិបតី នៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ ដើម្បីពិភាក្សាពីកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សារព័ត៌មានដដែលបានឲ្យដឹងទៀតថា កិច្ចប្រជុំលើកទី ២០ នៃការិយាល័យនយោបាយរបស់គណៈកម្មាធិការកណ្តាលទី ៧ នៃគណបក្សពលករកូរ៉េ (WPK) ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីពិភាក្សាឲ្យស៊ីជម្រៅស្តីពីវិធានការរឹតបន្តឹងបន្ថែមទៀត ប្រឆាំងនឹងជំងឺរាតត្បាត នៅចំពោះមុខវិបត្តិសុខភាពសាធារណៈ ដែលកំពុងញំញីពិភពលោកទាំងមូល។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានវិភាគ និងវាយតម្លៃពីស្ថានភាពធ្ងន់ធ្ងរនៅទូទាំងពិភពលោក និងស្ថានភាពនៅក្នុងប្រទេស ព្រមទាំងបានបញ្ជាក់ពីភារកិច្ចផ្សេងៗ ចំពោះការឆ្លើយតបជាបន្ទាន់ផងដែរ។ លោក គីម ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការបន្តរក្សាជំហរប្រុងប្រយត្ន័ខ្ពស់ ក៏ដូចជាការកសាងជញ្ជាំងទប់ស្កាត់ និងបន្តជម្រុញការងារប្រឆាំងនឹងជំងឺរាតត្បាត ជាពិសេសការបង្កើនសន្តិសុខជាតិ និងសុខុមាលភាពរបស់ពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លងជំងឺ COVID-19 សូម្បីតែម្នាក់ ប៉ុន្តែនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ តាំងពីដើមឆ្នាំនេះមកម្ល៉េះ រួមមានវិធានបិទព្រំដែន និងការអនុវត្តវិធានការចំបាច់នៅទូទាំងប្រទេស ដែលហាក់តឹងរ៉ឹងខ្លាំងជាងប្រទេសនានា៕