(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងនៅថ្ងៃអាទិត្យ (ពេលវេលានៅទីក្រុងឡុងដ៍) ថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) កំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីត្រូវបានមន្ត្រីប្រាប់ថា លោកបានទាក់ទងជាមួយអ្នក ដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសាព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍មួយ ចេញពីការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានគូសបញ្ជាក់ថា «លោក Boris Johnson នឹងបន្តធ្វើការពីការិយាល័យ Downing Street រួមទាំងដឹកនាំរដ្ឋាភិបាលរបស់លោក ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះទៀតផង»។ សេចក្ដីថ្លែងការណ៍នោះ បានគូសបញ្ជាក់បន្ថែមថា «លោក Johnson មានសុខភាពល្អធម្មតា និងមិនមានរោគសញ្ញាណាមួយនៃ COVID-19 ឡើយ»

លោក Johnson បានជួបជាមួយសមាជិកសភាមួយក្រុមតូច រយៈពេលប្រហែលកន្លះម៉ោងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្នុងនោះមានសមាជិកសភាម្នាក់ដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។ លោក បូរីស ចនសុន ត្រូវបានគេដឹងថា ធ្លាប់ឆ្លងជំងឺ COVID-19 កាលពីចុងខែមីនា និងជាសះស្បើយឡើងវិញនៅខែមេសា។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានទទួលដំណឹងខាងលើនេះ ពីប្រព័ន្ធធ្វើតេស្ត និងតាមដានសេវាសុខភាពជាតិអង់គ្លេស នៅថ្ងៃអាទិត្យ ដោយបានប្រាប់លោកថា លោកគួរតែធ្វើចត្តាឡីស័កដោយខ្លួនឯងមួយរយៈសិន រួមទាំងគួរតែពន្យារពេលរៀបចំការប្រជុំផង ទើបជាការល្អ៕