(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកែប្រែចិត្តភ្លាមៗ បន្ទាប់ពីបានទទួលស្គាល់ដោយប្រយោលជាលើកដំបូង ចំពោះជ័យជម្នះរបស់លោក ចូ បៃដិន ដោយនិយាយថា លោកមិនបានទទួលស្គាល់អ្វីទាំងអស់ និងនៅតែអះអាងដោយគ្មានបង្ហាញដដែលថា មានការលួចបន្លំនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសារបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានគូសបញ្ជាក់ដោយមិនបានលើកចំឈ្មោះលោក បៃដិន យ៉ាងដូច្នេះថា «គាត់ទទួលបានជ័យជម្នះ ដោយសារតែការបោះឆ្នោត មានការលួចបន្លំ.... គាត់ឈ្នះដោយនៅតែក្នុងក្រសែភ្នែក ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយតែប៉ុណ្ណោះ។ ខ្ញុំគ្មានអ្វីត្រូវទទួលស្គាល់នោះទេ។ យើងនៅមានផ្លូវវែងឆ្ងាយដែលត្រូវដើរ។ វាគឺការបោះឆ្នោតត្រូវបានលួចបន្លំ»

គួរបញ្ជាក់ថា ដើម្បីបង្ហាញការគាំទ្រចំពោះការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលថាការបោះឆ្នោតមានការលួចបន្លំ ក្រុមអ្នកគាំទ្ររបស់លោកកាលពីថ្ងៃអាទិត្យ ក៏បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅតាមទីក្រុងជាច្រើនក្នុងសហរដ្ឋអាមេរិកផងដែរ។ បើតាមសេចក្ដីរាយការណ៍បឋម មនុស្សយ៉ាងហោច ២០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងការតវ៉ានេះ ក្រោយការប៉ះទង្គិចគ្នារវាង ក្រុមអ្នកគាំទ្រលោក ត្រាំ និងក្រុមអ្នកប្រឆាំងលោក ត្រាំ៕