(ម៉ិចស៉ីកូស៉ីធី)៖ ក្រសួងសុខាភិបាលម៉ិចស៉ីកូនាថ្ងៃសៅរ៍សប្តាហ៍នេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៥,៨៦០នាក់ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសនេះកើនលើស ១លាននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សរុបមកទល់ពេលនេះ ម៉ិចស៉ីកូបានរកឃើញអ្នកឆ្លង COVID-19 សរុប ១,០០៣,២៥៣នាក់។ ក្រៅពីករណីឆ្លងថ្មីៗ ក្រសួងសុខាភិបាលម៉ិចស៉ីកូ ក៏បានរាយការណ៍ពីករណីស្លាប់ថ្មីៗនៃ COVID-19 ផងដែរ គឺ៦៣៥នាក់ ធ្វើឱ្យចំនួនករណីស្លាប់សរុបកើនដល់ ៩៨,២៥៩នាក់។ ដោយឡែក បើតាមវែបសាយ Worldometers ម៉ិចស៉ីកូមានអ្នកជាសះស្បើយពី COVID-19 សរុបចំនួន ៧៤៥,៣៦១នាក់។

គួរបញ្ជាក់ថា សម្រាប់ប្រទេស១០ផ្សេងទៀត ដែលមានអ្នកឆ្លង COVID-19 ខ្ទង់លាននាក់ដែរនោះ គឺសហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៉ីល បារាំង រុស្ស៉ី អេស៉្បាញ ចក្រភពអង់គ្លេស អាហ្សង់ទីន កូឡុំប៊ី និងអ៉ីតាលី៕