(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញកូវីដ១៩ ៥,២៧២ករណីថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤៦៣,០០៧នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ី នហួ។

បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេល២៤ម៉ោងដូចគ្នា អ្នកជំងឺ១១១នាក់ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ ធ្វើឱ្យអ្នកស្លាប់ដោយសារកូវីដ១៩ កើនដល់ ១៥,១៤៨នាក់។ ក្រសួងបន្ថែមទៀតថា អ្នកជាសះស្បើយបានកើនដល់ ៣៨៨,០៩៤នាក់ បន្ទាប់ពីអ្នកជំងឺ៣,០០០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា ខណៈករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅតែបន្តកើនឡើង ក្នុងកម្រិតខ្ពស់បំផុត ឥណ្ឌូណេស៊ីកាលពីថ្ងៃសុក្រម្សិលមិញ ក៏បានប្រកាសដែរថាខ្លួនមានគម្រោងចាប់ផ្ដើម យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ទូទាំងប្រទេស នៅត្រឹមចុងឆ្នាំ២០២០នេះ៕