(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ព្យុះទីហ្វុងវ៉ាមកូ (Vamco) ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន ដោយបង្កឲ្យមានគ្រោះទឹកជំនន់នៅរដ្ឋធានីម៉ានីល (Manila) និងតំបន់មួយចំនួនទៀត នៅលើកោះលូហ្សូន (Luzon) បានផ្ដាច់ជីវិតមនុស្សកើនឡើងដល់៥៣នាក់ហើយ។

២៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានព្យាករណ៍ថា ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានឈ្នះសំឡេងប្រតិភូ ៣០៦ ទល់នឹង ២៣២ ដែលលោក ដូណាល់ ត្រាំ ទទួលបាន ខណៈអង្គប្រតិភូបោះឆ្នោតសរុបមាន ៥៣៨រូប។

៣៖ អាជ្ញាធរវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសបិទអាកាសយានដ្ឋានចំនួន ០៥ ព្រមទាំងឆ្នេរសមុទ្រនៅតាមខេត្តមួយចំនួន និងធ្វើការជម្លៀសមនុស្សរាប់ពាន់នាក់ផងដែរ បន្ទាប់ពីព្យុះទីហ្វុងវ៉ាមកូ (Vamco) ត្រូវបានគេព្យាករណ៍ថា នឹងរំកិលមកដល់ភាគកណ្ដាលប្រទេសនេះ នៅថ្ងៃអាទិត្យ។

៤៖ ក្រសួងការបរទេសចិនបានព្រមានថា ទីក្រុងប៉េកាំងនឹងចាត់វិធានការឆ្លើយតប ប្រឆាំងនឹងរាល់ចេតនាបំផ្លាញផលប្រយោជន៍ និងលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និយាយថា «តៃវ៉ាន់មិនមែនជាផ្នែកមួយរបស់ចិន»។

៥៖ ក្រុមហ៊ុន Microsoft បានអះអាងថា ក្រុម Hacker ធ្វើការឱ្យរុស្ស៊ី និងកូរ៉េខាងជើង បានវាយប្រហារព័ត៌មានវិទ្យា លើស្ថាប័នជាច្រើន ដែលកំពុងសិក្សាស្រាវជ្រាវវ៉ាក់សាំង និងការព្យាបាល COVID-19 នៅជុំវិញពិភពលោក។

៦៖ អភិបាលរដ្ឋញូយ៉កលោក អាន់ឌ្រូ គ្យូអូម៉ូ (Andrew Cuomo) បានច្រានចោលការអះអាងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ អំពីការរៀបចំចាក់វ៉ាក់សាំង COVID-19 នៅក្នុងរដ្ឋញូយ៉ក៕