(តូក្យូ)៖ ការសែតជប៉ុនបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) អាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នៅចុងខែវិច្ឆិកានេះ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក តូស៊ីមីតស៊ុ ម៉ូតេហ្គិ (Toshimitsu Motegi) ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិដោះស្រាយវិបត្តិ COVID-19 និងស្ថានភាពនៅសមុទ្រចិនខាងកើត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមប្រភពពីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា លោក Wang Yi ក៏អាចចូលជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihida Suga) ផងដែរ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ទំនងជានឹងធ្វើឡើងបន្ទាប់ពីសន្និសីទតាមវីដេអូ ជាមួយក្រុមមេដឹកនាំ នៃសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅថ្ងៃទី២០ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី ២១-២២ ខែវិច្ឆិកា។

ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើង បន្ទាប់ពីកិច្ចសន្ទានតាមទូរស័ព្ទរវាងលោក Suga និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) កាលពីខែកញ្ញាកន្លងទៅ។ មេដឹកនាំទាំងពីរបានយល់ព្រមបង្កើតឲ្យមាន ទំនាក់ទំនងកម្រិតខ្ពស់បន្ថែមទៀត ដើម្បីលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិ។ ការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi ទៅកាន់ប្រទេសជប៉ុនកាលពីដើមឆ្នាំនេះ ត្រូវបានលុបចោលវិញក្រោយជំងឺ COVID-19 បានផ្ទុះឡើង។ យោងតាមរបាយការណ៍ដដែល ក៏បានបញ្ជាក់ថា មានលទ្ធភាពតិចតួច ដែលភាគីទាំងពីរនឹងពិភាក្សាលម្អិត ស្តីពីដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ប្រទេសជប៉ុនសាជាថ្មី អំឡុងពេលស្នាក់នៅរបស់លោក Wang Yi នៅទីក្រុងតូក្យូ។

គួរបញ្ជាក់ថា លោក Suga បានក្លាយជានាយករដ្ឋមន្ត្រីរបស់ជប៉ុន កាលពីខែកញ្ញា ត្រូវរក្សាទំនាក់ទំនងជាមួយចិន ដែលជាប្រទេសធំជាងខ្លួន ខណៈដែលទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកាន់តែអាក្រក់ទៅៗ ចំពេលដែលជំងឺរាតត្បាតផ្ទុះឡើង ក៏ដូចជាសង្គ្រាមពាណិជ្ជកម្ម។ រដ្ឋាភិបាលទីក្រុងតូក្យូ ក៏កំពុងមានជម្លោះជាមួយទីក្រុងប៉េកាំង ជុំវិញភាពជាម្ចាស់កម្មសិទ្ធិកោះនៅក្នុងសមុទ្រចិនខាងកើត និងបានសម្តែងការព្រួយបារម្ភ ពីការកើនឡើងសកម្មភាពយោធាចិន នៅក្នុងតំបន់ផងដែរ៕