(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក New York Times (NYT) បានរាយការណ៍ថា បងធំទី ២ របស់ក្រុមអាល់កៃដា ដែលជាមេគំនិតនៅពីក្រោយ ការវាយប្រហារបំផ្ទុះគ្រាប់បែក ប្រឆាំងនឹងស្ថានទូតអាមេរិកចំនួន ២ នៅក្នុងទ្វីបអាហ្រ្វិកកាលពីឆ្នាំ១៩៩៨ ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល បាញ់សម្លាប់នៅក្នុងប្រទេសអ៉ីរ៉ង់ កាលពីខែសីហាកន្លងទៅ តាមសំណើរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

កាសែត New York Times ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីមន្ត្រីចារកម្មអាមេរិកជាច្រើននាក់ ស្ថិតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំងនេះបានប្រាប់ថា មេធំទី ២ របស់ក្រុមភេរវករអាល់កៃដាឈ្មោះ អាប់ឌុលឡាហ៍ អាហ៍ម៉េដ អាប់ឌុលឡាហ៍ (Abdullah Ahmed Abdullah) ឬមានឈ្មោះនៅក្នុងសង្រ្គាមថា អាប៊ូ មូហាំម៉ាដ អាល់ម៉ាស្រ៊ី (Abu Muhammad al-Masri) ត្រូវបានបុរស ០២នាក់ជិះនៅលើម៉ូតូមួយគ្រឿង បាញ់សម្លាប់នៅក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅ។

គួរបញ្ជាក់ថា al-Masri ត្រូវបានគេមើលឃើញថា នឹងក្លាយជាអ្នកបន្តវេនដឹកនាំក្រុមអាល់កៃដា បន្ទាប់ពីមេដឹកនាំបច្ចុប្បន្នឈ្មោះ អៃមែន អាល់ហ្សាវ៉ាហ៍រី (Ayman al-Zawahri)។ ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើសហរដ្ឋអាមេរិកពិតជាមានជាប់ពាក់ព័ន្ធ នឹងការសម្លាប់ al-Masri ដែរឬក៏យ៉ាងណានោះទេ ខណៈសេតវិមាន ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វី ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ New York Times នៅឡើយដែរ។

បើតាមកាសែតអាមេរិក New York Times ជនឈ្មោះ al-Masri បានជាប់ឃុំក្នុងប្រទេសអ៉ីរ៉ង់តាំងតែពីឆ្នាំ២០០៣ មកម្ល៉េះ តែក្រោយមកជននេះត្រូវបានគេរាយការណ៍ថា បានរស់នៅដើរហើរដោយសេរីភាព នៅឯតំបន់ជាយទីក្រុងតេហេរ៉ង់នៅឆ្នាំ២០១៥៕