(ហ្សឺណេវ)៖ ប្រធានអង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃសុក្រនេះ បានសម្តែងការសាទរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សឆ្ពោះទៅមុខ នៃវ៉ាក់សាំង COVID-19 ប៉ុន្តែលោកបានទទូចថា គ្រប់ប្រទេសទាំងអស់ មិនថាជាប្រទេសអ្នកមាន ឬក្រ ត្រូវតែទទួលបានផលប្រយោជន៍ពីវា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា«វ៉ាក់សាំង នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់គ្រប់គ្រងជំងឺរាតត្បាត ហើយយើងត្រូវបានលើកទឹកចិត្តដោយលទ្ធផលបឋម នៃការតេស្តសាកល្បង ដែលបានចេញផ្សាយនៅសប្តាហ៍នេះ»

ប្រធាន WHO រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា«មិនធ្លាប់មានឡើយ នៅក្នុងប្រវត្តិសាស្រ្ត ដែលការស្រាវជ្រាវវ៉ាក់សាំង មានការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ ដូច្នេះយើងត្រូវតែអនុវត្តភាពបន្ទាន់ និងការច្នៃប្រឌិតថ្មីដើម្បីធានាថាប្រទេសទាំងអស់ទទួលបានផលប្រយោជន៍ពី សមិទ្ធិផលនៃវិទ្យាសាស្ត្រនេះ»

គួរបញ្ជាក់ថា កាលពីចន្ទដើមសប្តាហ៍នេះ លទ្ធផលបឋមពីការធ្វើតេស្តវ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer) និងបាយអូអិនធិច (BioNTech) បានបង្ហាញថា «មានប្រសិទ្ធភាពលើស ៩០%» ក្នុងការការពារមនុស្សលោក ប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។

ព័ត៌មាននេះបានផ្តល់នូវសញ្ញាធូរស្បើយ នៅទូទាំងសហគមន៍អភិវឌ្ឍវ៉ាក់សាំង។ វាបានបង្ហាញពីរបកគំហើញថ្មី និងជាការប្រកាសលើកទីមួយ ដែលយើងមានវ៉ាក់សាំងអាចការពារខ្លួន ប្រឆាំងនឹងការឆ្លងវីរុស SARS-CoV-2 លើមនុស្ស៕