(សាន់ហ្វា្រន់ស៊ីស្កូ)៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក អេឡុន ម៉ាសក៍ (Elon Musk) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានចោទសួរអំពីភាពប្រាកដប្រជា នៃការធ្វើតេស្ដរក COVID-19 ដោយលោកអះអាងថា ការធ្វើតេស្ដរបស់លោកបានចេញលទ្ធផលវិជ្ជមាន ០២ដង និងអវិជ្ជមាន ០២ដងនៅក្នុងថ្ងៃតែមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសារមួយបង្ហោះលើ Twitter លោក Elon Musk បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានធ្វើតេស្ដរក COVID-19 ចំនួន ០៤ដងក្នុងថ្ងៃតែមួយ។ លទ្ធផលធ្វើតេស្ដពីរលើកដំបូងចេញមកអវិជ្ជមាន តែពីរលើកទៀតបែរជាចេញវិជ្ជមាន។ ម៉ាស៊ីនមានតែមួយ, ការតេស្ដក៏តែមួយ, ហើយគិលានុដ្ឋាកតែម្នាក់...»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Elon Musk គឺចង់សំដៅទៅលើឧបករណ៍ធ្វើតេស្ដរហ័សរក COVID-19 របស់ក្រុមហ៊ុន ប៊ិកតុន (Becton), ឌីគឃីនសុន (Dickinson and Company) ឬដែលគេស្គាល់ថា BD។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនទាំងនេះមិនទាន់ធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងនាយកប្រតិបត្តិ SpaceX រូបនេះនៅឡើយទេ៕