(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន១៩១ករណីបន្ថែមទៀត ដែលជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេល ៧០ថ្ងៃកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងចំណោមករណីឆ្លងខាងលើ មាន១២០ករណី ត្រូវបានរាយការណ៍ចេញពីតំបន់ស្ថិតនៅជុំវិញទីក្រុងសេអ៊ូល ជាកន្លែងដែលជំងឺ COVID-19 បានឆ្លងរីករាលដាលនៅតាម កន្លែងផ្សេងៗគ្នា រួមមានមន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំ ព្រះវិហារ សាលារៀន ភោជនីយដ្ឋាន និងការិយាល័យជាដើម។

ការឆ្លងរីករាលដាលឥតឈប់ឈរនៃ COVID-19 នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានបន្ធូរបន្ថយវិធានការរក្សាគម្លាតសុវត្ថិភាព ក្នុងកម្រិតទាបបំផុត ចាប់តាំងពីខែតុលាកន្លងទៅនេះ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សេគ្យុន (Chung Sye-kyun) បានគូសបញ្ជាក់នៅថ្ងៃសុក្រនេះដូច្នេះថា៖ «ការឆ្លងរីករាលដាលនៃ COVID-19 នាពេលថ្មីៗនេះ អាចបង្ខំឲ្យរដ្ឋាភិបាលពិចារណាលើការដាក់វិធានការរក្សាគម្លាតសុវត្ថិភាពជាថ្មីម្តងទៀត ព្រោះយើងកំពុងស្ថិតក្នុងស្ថានភាពដែលមានគ្រោះថ្នាក់ហើយ»។ លោក Chung Sye-kyun ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយចូលរួមពាក់ម៉ាសទាំងអស់គ្នា នៅពេលដែលធ្វើដំណើរនៅតាមទីសាធារណៈ។

ចាប់ពីថ្ងៃសុក្រនេះតទៅ ក្រុមមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង បានចាប់ផ្តើមផាកពិន័យជាទឹកប្រាក់រហូតដល់ ១០០,០០០វ៉ុន ដែលស្មើនឹង៩០ដុល្លារអាមេរិកចំពោះពលរដ្ឋដែល មិនពាក់ម៉ាស ខណៈដែលពួកគេធ្វើដំណើរនៅតាមទីសាធារណៈ និងទីកន្លែងធំៗជាច្រើន រួមមានមន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំ ឱសថស្ថាន ក្លិបរាត្រី ខារ៉ាអូខេ គ្រឹះស្ថានសាសនា ក្លិបកីឡា និងទីកន្លែងដែលមានមនុស្សប្រមូលផ្តុំជាង៥០០នាក់ជាដើម។

គួរជម្រាបថា បើយោងតាមគេហទំព័រ Worldometer បច្ចុប្បន្ននេះ កូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២៨,១៣៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៨៨នាក់ និងជាសះស្បើយចំនួន ២៥,៥៣៧នាក់៕