(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកជាច្រើនរូប មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គួរតែអនុញ្ញាតឱ្យលោក ចូ បៃដិន ទទួលបានព័ត៌មានពិស្តារ ជុំវិញទិន្នន័យស៊ើបការណ៍សម្ងាត់ ដែលនេះបង្ហាញថា ពួកគេបានទទួលស្គាល់ថាលោក បៃដិន នឹងចូលកាន់កាប់សេតវិមានក្នុងពេលឆាប់ៗនេះ បើទោះបីជាលោក ត្រាំ មិនទទួលស្គាល់បរាជ័យរបស់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាប្រពៃណីរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីជាប់ឆ្នោត តែងតែទទួលបាននូវព័ត៌មានពិស្តារ ស្តីពីព័ត៌មានសំងាត់នានា ដើម្បីស្វែងយល់ពីការគំរាមកំហែងទាំងឡាយ ដែលត្រូវប្រឈមមុនពេលឡើងកាន់តំណែង ជាប្រធានាធិបតីផ្លូវការ។ តែមកទល់នឹងពេលនេះ លោក ត្រាំ ត្រូវបានគេរាយការណ៍ថា បានហាមឃាត់ក្រុមមន្ត្រីរបស់លោក មិនឱ្យធ្វើកិច្ចសហការជាមួយក្រុមមន្ត្រីរបស់ លោក ចូ បៃដិន ឡើយ ខណៈរូបលោកកំពុងតវ៉ាជំទាស់លទ្ធផលបោះឆ្នោត តាមផ្លូវតុលាការ។

គួរបញ្ជាក់ថា លោក ចូ បៃដិន បានចាប់ផ្ដើមជ្រើសរើសមន្ត្រីជាន់ខ្ពស់ជាបណ្តើរៗហើយ ទោះបីជាលោក ដូណាល់ ត្រាំ កំពុងបន្តការតវ៉ាតាមផ្លូវតុលាការ និងមិនព្រមទទួលស្គាល់ លទ្ធផលបោះឆ្នោតក៏ដោយ។ ម្យ៉ាងវិញទៀត បើតាមក្រុមអ្នកឃ្លាំមើលកិច្ចការបោះឆ្នោតអាមេរិក ទោះបីជាមានការរាប់សន្លឹកឆ្នោតឡើងវិញ ក៏ប្រហែលជានឹងមិនមានកែប្រែ ប្រួលអ្វីដល់ជ័យជម្នះរបស់លោក បៃដិន នោះដែរ៕