(ម៉ានីល)៖ ព្យុះទីហ្វុងវ៉ាមកូ (Vamco) ដែលបានបោកបក់មកលើ ប្រទេសហ្វីលីពីន បានបង្កឲ្យមានគ្រោះទឹកជំនន់នៅរដ្ឋធានីម៉ានីល (Manila) និងតំបន់តមួយចំនួនទៀតនៅលើកោះ លូហ្សូន (Luzon) ជាហេតុធ្វើឲ្យមនុស្សជាច្រើនជាប់គាំងនៅលើដំបូលផ្ទះ ព្រមទាំងមនុស្សស្លាប់កើនឡើងដល់ ១១នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

Vamco គឺជាព្យុះទីហ្វុងទី ៣ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ជាមួយកម្លាំងខ្យល់បករហូតដល់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះបានបោកបក់កាត់កោះ Luzon ដែលជាកោះដ៏ធំបំផុត ស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីន។

ព្យុះ Vamco ដែលបាននាំមកនូវខ្យល់បក់យ៉ាងសន្ធប់ លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ។ មន្ត្រីកាកបាទក្រហមហ្វីលីពីន ប៉ូលីស យោធា និងអ្នកជួយសង្គ្រោះដទៃៗទៀតបានប្រើទូក ដើម្បីទៅជួយសង្គ្រោះដល់មនុស្សម្នាដែលកំពុងជាប់គាំង នៅលើដំបូលផ្ទះរបស់ពួកគេ នៅតំបន់ម៉ារីគីណា (Marikina) ដែលរងគ្រោះខ្លាំងជាងគេ ស្ថិតនៅតំំបន់ជាយរដ្ឋធានីម៉ានីល (Metro Manila) ខណៈដងផ្លូវមួយមួយចំនួន ទឹកបានលិចដល់ជិតត្រឹមកមនុស្សធំ។

បើតាមទិន្នន័យរបស់ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់តំបន់រងគ្រោះធ្ងន់ចំនួនពីរនៅលើកោះ Luzon យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និង ០៩នាក់ផ្សេងទៀតបានបាត់ខ្លួន ប៉ុន្តែទិន្នន័យពេញលេញសម្រាប់តំបន់ ដែលរងផលប៉ះពាល់ទាំងអស់នៅលើកោះនេះ មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ហើយចំនួនអ្នកស្លាប់ ទំនងជានឹងកើនឡើងថែមទៀត ខណៈអាជ្ញាធរកំពុងវាយតម្លៃលើការបំផ្លិចបំផ្លាញ ដោយព្យុះទីហ្វុង Vamco នេះ៕