(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ សហរដ្ឋអាមេរិកទាំងមូល បានរាយការណ៍ពីករណីឆ្លង COVID-19 សរុប ១៦១,៥៤១នាក់ និងអ្នកជំងឺ ១,១៩០នាក់ទៀតបាត់បង់ជីវិត ដែលអត្រាឆ្លងនេះគឺមានកម្រិតខ្ពស់បំផុត នៅលើពិភពលោក។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ worldometer នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការបូកបញ្ជូនចំនួនថ្មីៗខាងលើនេះ នាំឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនដល់ ១០,៨៧៣,៩៣៦នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន ២៤៨,៥៨៥នាក់ និងជាសះស្បើយឡើងវិញជាង ៦,៧២៧,០០០នាក់។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានព្យាករណ៍ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក នឹងកើនឡើងដល់ ២៨២,០០០នាក់ នៅដើមខែធ្នូ ខាងមុខនេះ ដោយសារតែអាកាសធាតុចាប់ផ្តើមចុះត្រជាក់ខ្លាំង ហើយអ្នកជំងឺដែលមានវ័យចំណាស់ នឹងពិបាកស៊ូទ្រាំ៕