(ហុងកុង)៖ កៅអីសភារបស់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិតេយ្យក្នុងសភាហុងកុង នៅថ្ងៃព្រហស្បតិ៍នេះ ទំនេរគ្មានមនុស្សអង្គុយ បន្ទាប់ពីពួកគេបានប្រកាសលាលែងចេញពីតំណែង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ការលាលែងចេញពីតំណែងបានធ្វើឡើង បន្ទាប់ពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមអ្នកប្រឆាំងរដ្ឋាភិបាលកំពុងរងការវាយប្រហារជាបន្តបន្ទាប់ ក្រោយការអនុម័តច្បាប់សន្តិសុខថ្មី កាលពីដើមឆ្នាំនេះ។ កាលពីថ្ងៃពុធម្សិលមិញ សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៥នាក់ បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីទីក្រុងប៉េកាំងបានហាមឃាត់មិត្តរួមការងាររបស់ពួកគេ ០៤រូប មិនឱ្យចូលកាន់តំណែង។ អ្នកទាំង ០៤រូបនោះ ត្រូវដកសិទ្ធិដោយសភាចិនក្រោមការចោទប្រកាន់ថា បានប្រព្រឹត្តិទង្វើដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិចិន។

សមាជិកសភាគាំទ្រលិទ្ធប្រជាធិបតេយ្យម្នាក់ គឺលោក Lam Cheuk-ting បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅខាងក្រៅសភាយ៉ាងដូច្នេះថា «ពលរដ្ឋហុងកុងបានត្រៀមខ្លួនជាយូរមកហើយ ក្នុងការួបរួមគ្នាជាសំឡេងតែមួយ (ដើម្បីប្រយុទ្ធតស៊ូជាមួយអ្នកមានអំណាច) ហើយប្រសិនបើអ្នកគឺជាអ្នកប្រឆាំងសូមត្រៀមខ្លួនសម្រាប់ការដាក់សម្ពាធបន្ថែម»

គួរបញ្ជាក់ថា មេដឹកនាំទីក្រុងហុងកុងត្រូវបានជ្រើសរើស ដោយគណៈកម្មាធិការក្រោមការគាំទ្រពីទីក្រុងប៉េកាំង ប៉ុន្តែពាក់កណ្តាលនៃអាសនៈចំនួន ៧០ ត្រូវបានផ្តល់ជូនពលរដ្ឋ ៧.៥លាននាក់ នូវឱកាសដ៏កម្រដើម្បីបញ្ចេញសំឡេងរបស់ពួកគេ នៅក្នុងសន្លឹកឆ្នោត។ ការវាយតប់គ្នានិងការតវ៉ានានាតែងតែផ្ទុះឡើងជាប្រចាំនៅក្នុងសភាហុងកុង ដោយក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យដែលជាក្រុមសំឡេងភាគតិច តែងតែប្រើប្រាស់វិធីនេះ ដើម្បីព្យាយាមបញ្ឈប់សេចក្តីព្រាងច្បាប់ដែលពួកគេជំទាស់៕