(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានចំណាយពេល ១០នាទី ផ្ដល់កិត្តិយសចូលរួមជាសារធារណៈ ក្នុងទិវាគោរពវិញ្ញាណក្ខន្ធប្រចាំឆ្នាំ ដល់អតីតយុទ្ធជនសម័យសង្រ្គាម រៀបចំឡើងដោយសេតវិមាន ដែលកំពុងស្ថិតក្នុងស្ថានការណ៍មួយដ៏ស្មុគស្មាញ ក្រោយលោក ត្រាំ រារាំងមិនឱ្យក្រុមមន្ត្រីរបស់លោក សហការជាមួយក្រុមការងាររបស់លោក ចូ បៃដិន ជុំវិញការផ្ទេរអំណាចប្រធានាធិបតី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានបង្ហាញខ្លួននៅឯទិវាគោរពវិញ្ញាណក្ខន្ធ ប្រចាំឆ្នាំដល់អតីតយុទ្ធជនសម័យសង្រ្គាម នៅឯទីលានបញ្ចុះសព អាលីនតុន (Arlington National Cemetery) ហើយនេះគឺជា ការបង្ហាញខ្លួននៅតាមទីសាធារណៈ ក្នុងពិធីផ្លូវការលើកដំបូងបំផុត ក្នុងរយៈពេលជាងមួយសប្ដាហ៍មកនេះ។ លោក ត្រាំ មិនបានថ្លែងសារដោយផ្ទាល់ ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមកម្ល៉េះ ពោលគឺបន្ទាប់ពីលោក បៃដិន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិកប្រកាសថា ជាអ្នកឈ្នះក្នុងការបោះឆ្នោត ដោយលោកបានប្រើប្រាស់ Twitter ដើម្បីធ្វើការអត្ថាប្បាយទាំងកំហឹង និងចោទប្រកាន់តែពីការលួចបន្លំសន្លឹកឆ្នោត។

គួរជម្រាបថា មុនពេលចូលរួមក្នុងទិវាគោរពវិញ្ញាណក្ខន្ធ ប្រចាំឆ្នាំដល់អតីតយុទ្ធជនសម័យសង្រ្គាម លោក ត្រាំ នៅតែប្រកាន់ជំហរ និងចោទប្រកាន់ដដែលៗថា មានការលួចបន្លំសន្លឹកឆ្នោត ហើយមិនតែប៉ុណ្ណោះលោកថែមទាំងរិះគន់ ដោយចាត់ទុកថាអ្នកគាំទ្របក្សសាធារណរដ្ឋមួយចំនួន ដែលអបអរជ័យជម្នះរបស់លោក បៃដិន និងការពារលទ្ធផលបោះឆ្នោតបច្ចុប្បន្ន គឺមិនមែនជាអ្នកសាធារណរដ្ឋពិតប្រាកដឡើយ៕