(អាមេរិក)៖ លទ្ធផលបឋមពីការធ្វើតេស្តវ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer) និង បាយអូអិនធិច (BioNTech) បានបង្ហាញថា «មានប្រសិទ្ធភាពជាង ៩០%» ក្នុងការការពារមនុស្សលោក ប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។

ព័ត៌មាននេះបានផ្តល់នូវសញ្ញាធូរស្បើយ នៅទូទាំងសហគមន៍អភិវឌ្ឍវ៉ាក់សាំង។ វាបានបង្ហាញពីរបកគំហើញថ្មី និងជាការប្រកាសលើកទីមួយ ដែលយើងមានវ៉ាក់សាំងអាចការពារខ្លួន ប្រឆាំងនឹងការឆ្លងវីរុស SARS-CoV-2 លើមនុស្ស។ នេះជាលទ្ធផលដ៏ល្អបំផុត ប៉ុន្តែថាតើវ៉ាក់សាំងអាចធ្វើបានល្អដល់កម្រិតណា វានៅតែជាសំណួរដ៏ធំ ហើយមិនទាន់មាននរណាម្នាក់ អាចឆ្លើយបាននៅឡើយទេ។ លទ្ធផលទាំងនេះគឺជាភាពជោគជ័យ ប៉ុន្តែនៅមានរឿងជាច្រើនទៀត ដែលយើងត្រូវបញ្ជាក់បន្ថែម។

វ៉ាក់សាំងមានប្រសិទ្ធភាព ៩០% គឺជាលទ្ធផលដ៏រឹងមាំ ប៉ុន្តែយើងត្រូវចងចាំថា នេះគ្រាន់តែជាការវិភាគបណ្តោះអាសន្នប៉ុណ្ណោះ ដោយផ្អែកលើ ៩៤ករណី នៃជំងឺដែលបានកើតឡើង ចំពោះអ្នកដែលទទួលបានវ៉ាក់សាំង ឬការព្យាបាលតាមវិធី placebo (ការដាក់ថ្នាំទៅតាមស្ថានភាពជំងឺ)។ ក្រុមហ៊ុន Pfizer ក៏បានធ្វើការកត់សំគាល់ នៅក្នុងលទ្ធផលរបស់ខ្លួនផងដែរថា យើងត្រូវការយ៉ាងហោចណាស់ ១៦៤ករណីនៃជំងឺ ដើម្បីវាយតម្លៃឱ្យប្រាកដថា វ៉ាក់សាំងពិតជាមានប្រសិទ្ធភាព ឬក៏យ៉ាងណា។

ប្រសិនបើករណីនៃជំងឺជាបន្តបន្ទាប់ កើតឡើងញឹកញាប់ នៅក្នុងចំណោមអ្នកដែលបានវ៉ាក់សាំង ជាជាងការព្យាបាលតាមវិធី placebo នោះតួលេខប្រសិទ្ធភាពនឹងធ្លាក់ចុះជាមិនខាន។ ដូច្នេះហើយ ទើបយើងមិនទាន់ដឹងថា តើតួលេខនេះឆ្លុះបញ្ចាំងពីសមត្ថភាពការពារ របស់វ៉ាក់សាំងយ៉ាងដូចម្តេចនៅឡើយទេ ដែលវាមានន័យថា យើងត្រូវដើរទៅដល់ដំណាក់កាលបញ្ចប់ នៃការសាកល្បងសិន។

* បើមិនទាន់ប្រាកដច្បាស់ផង តើហេតុអ្វីត្រូវប្រកាសលទ្ធផល បណ្តោះអាសន្នពេលនេះ?

ការវិភាគបណ្តោះអាសន្ននៃទិន្នន័យការសាកល្បង មិនមែនជារឿងចម្លែកនោះទេ ជាពិសេសនៅក្នុងការសាកល្បងវ៉ាក់សាំងដំណាក់កាលទី ៣ ដែលជាដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍវ៉ាក់សាំង ហើយវាក៏មិនមែនជារឿងថ្មីដែរ ដែលការសាកល្បងនឹងបរាជ័យ នៅក្នុងដំណាក់កាលនេះ។ ដូច្នេះទើបយើងត្រូវកំណត់ឱ្យបានឆាប់ តាមដែលអ្នកអាចធ្វើបាន ថាតើការបន្តការសាកល្បងវ៉ាក់សាំង ពិតជាមានប្រយោជន៍មែននោះ ប៉ុន្តែបើបន្តនៅពេលដែលវ៉ាក់សាំងគ្មានប្រយោជន៍ វាគឺជាការខ្ជះខ្ជាយធនធាន ហើយក្នុងករណីខ្លះគឺជារឿងគ្មានសីលធម៌។

មធ្យោបាយតែមួយគត់ដើម្បីពិនិត្យមើលថា តើការបន្តជាជម្រើសត្រឹមត្រូវ គឺអនុញ្ញាតឱ្យក្រុមវិភាគទិន្នន័យ និងសុវត្ថិភាពឯករាជ្យ ធ្វើការវាយតម្លៃលើលទ្ធផលខ្លះ ឬទាំងអស់។ ស្របពេលដែលពិភពលោកទាំងមូល កំពុងញំញីដោយសារជំងឺ COVID-19 ពេលវេលាគឺជាឧបសគ្គដ៏ធំបំផុត ហើយកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ត្រូវបានធ្វើឡើង ដើម្បីបញ្ចូលទិន្នន័យនៃការវិភាគបណ្តោះអាសន្ន ទៅក្នុងការសិក្សាតាមរបៀបមួយ ដែលអាចផ្តល់ចម្លើយដោយមានទំនុកចិត្ត ក្នុងលក្ខណៈទាន់ពេលវេលា តាមដែលអាចធ្វើទៅបាន។

ដូច្នេះហើយការពិនិត្យមើលលើទិន្នន័យបណ្តោះអាសន្ន ត្រូវបានគ្រោងទុកតាំងពីការចាប់ផ្តើម ធ្វើតេស្តវ៉ាក់សាំងមកម្ល៉េះ។ វាគឺជាសញ្ញាដ៏វិជ្ជមានដែលបញ្ជាក់ថា ការសាកល្បងចាំបាច់ត្រូវបន្ត ទោះបីជាទិន្នន័យពិតប្រាកដពីការការវិភាគ ត្រូវលើកជាសំណួរឡើងច្រើនក៏ដោយ។

រឿងសំខាន់មួយដែលលទ្ធផលបណ្តោះអាសន្ន មិនអាចបានប្រាប់យើងបាននោះ គឺថាតើការការពារ ឬប្រសិទ្ធភាពនៃវ៉ាក់សាំងមានរយៈពេលយូរប៉ុន្មាន។ អ្នកចូលរួមក្នុងការសាកល្បងដំណាក់កាលទី ៣ ទទួលបានវ៉ាក់សាំងចំនួនពីរលើក ហើយការវាស់ប្រសិទ្ធភាពរបស់វាត្រូវបានធ្វើឡើង ៧ថ្ងៃបន្ទាប់ពីការចាក់លើកទី ២។ វាត្រូវបានធ្វើឡើងនៅពេលដែលការឆ្លើយតប នៃប្រព័ន្ធភាពស៊ាំដំបូងមានកម្រិតខ្ពស់នៅឡើយ។ វាជារឿងខ្លាំងណាស់ក្នុងការស្វែងយល់ ថាតើការការពារដំបូង មានរយៈពេលយូរបានប៉ុណ្ណានោះ។ អ្នកមានគំនិតទុទិដ្ឋិនិយមសង្ឃឹមថា វ៉ាក់សាំងនឹងមានប្រសិទ្ធភាពយ៉ាងហោចណាស់ ០៣ខែ ចំណែកឯអ្នកសុទិដ្ឋិនិយមវិញសង្ឃឹមថា វានឹងទទួលបានការការពារខ្ពស់ សម្រាប់រយៈពេលជាច្រើនឆ្នាំឯណោះ។

យ៉ាងណាមិញ បើយោងតាមទិន្នន័យជាក់ស្តែង វ៉ាក់សាំងដែលមានមូលដ្ឋានលើ mRNA គឺជារឿងថ្មីសម្រាប់យើងទាំងអស់គ្នា យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្វែងយល់ថា តើការឆ្លើយតបដំបូងចាប់ផ្តើមចុះខ្សោយវិញ ឬក៏យ៉ាងណា។ បន្ថែមពីលើនេះ យើងក៏ត្រូវស្វែងយល់ផងដែរថា តើវ៉ាក់សាំងនេះ និងបេក្ខភាពវ៉ាក់សាំងដទៃទៀត អាចបង្កើនប្រព័ន្ធភាពស៊ាំដែលអាចផ្តល់ការការពារ សម្រាប់រយៈពេលច្រើនឆ្នាំដែរឬទេ។

វាក៏ជារឿងសំខាន់ផងដែរ ក្នុងការកំណត់ការឆ្លើយតបភាពស៊ាំពិតប្រាកដ ដែលអាចផ្តល់ការការពារហៅថា «ការការពារប្រទាក់គ្នា ឬ correlates of protection»។ តើវាជាប្រភេទជាក់លាក់នៃអង្គបដិប្រាណ ឬកោសិកា T ដែលពាក់ព័ន្ធ ហើយតើចំនួនតម្រូវការប៉ុន្មាន ដែលអាចការពារមនុស្សពីការឆ្លង។ ចំណេះដឹងដែលបានមកពីការសាកល្បងលើកនេះ បានជួយត្រួសត្រាយផ្លូវ សម្រាប់ការធ្វើតេស្តនាពេលអនាគត ដើម្បីផ្តោតលើការវាស់បរិមាណ នៃសញ្ញាសំគាល់ភាពស៊ាំ ចំពោះបុគ្គលម្នាក់ៗ ដើម្បីវាយតម្លៃកាន់តែច្បាស់ថា តើវ៉ាក់សាំងដំណើរការឬអត់។

រឿងសំខាន់មួយទៀតដែលយើងត្រូវដឹងគឺថា តើវ៉ាក់សាំងអាចបង្ការមនុស្សទាំងស្រុង ពីការឆ្លងវីរុសណាមួយ ឬវាធ្វើឱ្យមនុស្សកាន់តែមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ប្រសិនបើពួកគេបរាជ័យក្នុងការទប់ស្កាត់នឹងការឆ្លង។ នេះនឹងគ្រប់គ្រង ថាតើវ៉ាក់សាំងអាចបង្ការតែជំងឺ ឬក៏អាចការពារការចម្លងវីរុសផងដែរ ហើយអ្វីដែលយើងដឹងនៅពេលនេះគឺថា វាបានកាត់បន្ថយករណីរោគសញ្ញាបានជាង ៩០ ភាគរយ (វ៉ាក់សាំងរបស់ Pfizer)។

បើទោះបីជា វ៉ាក់សាំងមិនទាន់មានរូបភាពពេញលេញក៏ដោយ ក៏រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានបញ្ជាក់ថា ខ្លួននឹងពិចារណាលើការអនុញ្ញាត ឱ្យប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ មុនពេលមានការយល់ព្រមពេញលេញ នៅពេលដែលការសាកល្បង បានប្រមូលទិន្នន័យសុវត្ថិភាពរយៈពេល ០២ខែលើអ្នកចូលរួមពាក់កណ្តាល។ ក្រុមហ៊ុន Pfizer រំពឹងថា នឹងចេញផ្សាយទិន្នន័យទាំងអស់នេះ នៅសប្តាហ៍ទី ៣នៃខែវិច្ឆិកា។

ការសាកល្បងនឹងនៅតែបន្តរយៈពេលជាច្រើនខែទៀត ដើម្បីឈានដល់កម្រិតមួយដែលអាចជឿជាក់បាន ហើយនឹងមានការតាមដានបន្ថែមទៀត ដើម្បីពិនិត្យលើសុវត្ថិភាពរបស់វ៉ាក់សាំង និងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ជាពិសេសការការពារទៅលើ ក្រុមអ្នកស្ម័គ្រចិត្តផ្សេងៗទៀត។ ប្រការនេះហើយទើបការផ្តល់ព័ត៌មាន និងតម្លាភាពបន្ថែមទៀត អំពីសុវត្ថិភាពរបស់វ៉ាក់សាំង ទៅឱ្យសាធារណៈជនគឺជារឿងចំបាច់។

គួរបញ្ជាក់ថា ទោះបីជាមានការយល់ព្រមក៏ដោយ បញ្ហាប្រឈមធំៗនៅតែមាន។ ក្រុមហ៊ុន Pfizer រំពឹងថានឹងអាចផលិតវ៉ាក់សាំងបាន ៥០លានដូសរួចរាល់នៅឆ្នាំ ២០២០នេះ ដែលគ្រប់គ្រាន់សម្រាប់ចាក់បង្ការលើប្រជាជន ២៥លាននាក់ (ម្នាក់ ២ដូស) និង ១,៣ពាន់លាននាក់នៅចុងឆ្នាំ ២០២១។ ដោយសារតែចំនួនប្រជាជនសរុបរបស់ពិភពលោកច្រើន និងការតម្រូវឲ្យចាក់ពីរលើក នោះការផ្តល់វ៉ាក់សាំងជាលក្ខណៈសកល គឺជារឿងវែងឆ្ងាយទៅមុខទៀត៕

ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០)