(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី ១.០៩ពាន់លានដុល្លារអាមេរិក ពីរដ្ឋាភិបាលអូស្ត្រាលី ដើម្បីយកមកប្រើប្រាស់ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី ស្រ៊ី មូលីយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) ធ្វើការប្រកាសពីព័ត៌មានខាងលើ ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបញ្ជាក់បន្ថែមដូច្នេះថា «អ្នករាល់គ្នា និងគ្រប់ផ្នែកទាំងអស់នៃសង្គម បាននិងកំពុងរងការឈឺចាប់ដោយសារ COVID-19... តួនាទីនៃគោលនយោបាយសារពើពន្ធ រួមជាមួយមធ្យោបាយដទៃ ដូចជាគោលនយោបាយហិរញ្ញវត្ថុជាដើម ពិតជាសារៈសំខាន់ជាទីបំផុត នៅក្នុងកាលៈទេសៈដ៏លំបាកនេះ»

គួរបញ្ជាក់ថា ឥណ្ឌណេស៊ីគឺជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គិតត្រឹមថ្ងៃពុធម្សិលមិញ ឥណ្ឌូណេស៊ី មានអ្នកឆ្លង COVID-19 សរុប ៤៤៨,១១៨នាក់ក្នុងនោះស្លាប់ ១៤,៨៣៦នាក់៕