(មិចស៊ីកូ)៖ ប្រធានាធិបតីមិចស៊ីកូលោក អាន់ឌ្រែស ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ (Andres Manuel Lopez Obrador) ជាមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំមួយចំនួន នៃប្រទេសធំៗ ដែលមិនទាន់បានអបអរសាទរលោក ចូ បៃដិន (Joe Biden) ចំពោះជ័យជម្នះក្នុងការបោះឆ្នោត ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកបាននិយាយថា «វាលឿនពេក» ហើយប្រទេសមិចស៊ីកូក៏មិនស្ថិតក្រោមអាណានិគម របស់ប្រទេសណាមួយដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Lopez Obrador ដែលធ្លាប់បានចោទប្រកាន់គូប្រជែងរបស់ខ្លួន ពីការលួចបន្លំសន្លឹកឆ្នោតនៅមិចស៊ីកូ កាលពីឆ្នាំ២០០៦ និងឆ្នាំ២០១២ នោះបាននិយាយថា លោកមិនឈរនៅខាងភាគីណាមួយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឡើយ ហើយលោកនឹងរង់ចាំរហូតដល់លទ្ធផល ក្រោយការតវ៉ាតាមផ្លូវច្បាប់ កំពុងធ្វើឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នោះបង្ហាញចេញជាផ្លូវការសិន។

ប្រធានាធិបតីមិចស៊ីកូ លោក Lopez Obrador បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ យ៉ាងដូច្នេះថា «យើងមិនអាចធ្វើការទទួលស្គាល់ណាមួយ ទៅលើរដ្ឋាភិបាលដែលមិនទាន់បង្កើតឡើង ជាផ្លូវការដោយស្របច្បាប់នោះទេ...»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមម្តងហើយម្តងទៀតថា នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចម៉ិចស៊ីកូ ប្រសិនបើវាមិនទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់នោះ បានបដិសេធមិនទទួលយកភាពបរាជ័យរបស់ខ្លួន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក និងបានចាប់ផ្តើមប្តឹង ដើម្បីទាមទារយុត្តិធម៌ដោយចោទប្រកាន់ថា សន្លឹកឆ្នោតត្រូវបានគេលួចបន្លំ ប៉ុន្តែក្រុមមន្រ្តីអាមេរិកបាននិយាយថា ពួកគេមិនបានដឹងអំពីភាពមិនប្រក្រតីណាមួយ ដែលគួរឱ្យកត់សម្គាល់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅនេះទេ។

ទង្វើរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក បានធ្វើឱ្យសមាជិកនៃគណបក្សប្រជាធិបតេយ្យមួយចំនួនខកចិត្ត ប៉ុន្តែលោក Lopez Obrador បានទទូចថា នឹងមិនមានផលប៉ះពាល់អ្វីទេ សម្រាប់ប្រទេសមិចស៊ីកូ ដោយលោកបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ដោយសារតែយើងប្រកាន់ខ្ជាប់ នូវគោលនយោបាយរបស់យើង។ យើងក៏មិនមែនជាប្រទេសស្ថិតក្រោមអាណានិគមដែរ។ យើងជាប្រទេសសេរី ឯករាជ្យ និងអធិបតេយ្យ ហើយរដ្ឋាភិបាលម៉ិចស៊ីកូក៏មិនមែនជាអាយ៉ង របស់រដ្ឋាភិបាលបរទេសណាមួយឡើយ»

គួរបញ្ជាក់ថា ប្រធានាធិបតីម៉ិចស៊ីកូ លោក Andres Manuel Lopez Obrador គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំមួយចំនួននៃប្រទេសធំៗ រួមមានប្រធានាធិបតីប្រេស៊ីល លោក ហ៊្សែរ បូលសូណារ៉ូ (Jair Bolsonaro), ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin), និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលមិនទាន់អបអរសាទរលោក Joe Biden ចំពោះជ័យជំនះក្នុងការបោះឆ្នោត ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក៕