(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានព្រមានថា ចិនអាចនឹងប្រឈមមុខ ការដាក់ទណ្ឌកម្មបន្ថែមទៀត បើសិនជានៅតែបន្តធ្វើសកម្មភាព ដែលបំផ្លាញដល់ស័្វយភាពរបស់ទីក្រុងហុងកុង បន្ទាប់ពីសមាជិកសភាប្រឆាំង ០៤រូប ត្រូវបានដកសិទ្ធិជាសមាជិកសភា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីក្រុងហុងកុងនៅថ្ងៃពុធសប្ដាហ៍នេះ បានដកសិទ្ធិសមាជិកសភាប្រឆាំងចំនួន ០៤រូបភ្លាមៗ បន្ទាប់ពីសភាចិនបានអនុម័តនូវដំណោះស្រាយមួយ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិទីក្រុងនេះ បណ្តេញសមាជិកសភា ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។ រដ្ឋបាលទីក្រុងហុងកុងបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិកសភាប្រឆាំង ០៤រូប ត្រូវបានដកសិទ្ធិពីបទបង្កគ្រោះថ្នាក់ ដល់សន្តសុខរបស់ជាតិ។

ការឆ្លើយតបទៅនឹងការសម្រេចចិត្តបែបនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត អូប្រាយអិន (Robert O'Brien) បានព្រមានថាសហរដ្ឋអាមេរិក អាចនឹងដាក់ទណ្ឌកម្មប្រឆាំងនឹង ចិន បើសិនជាទីក្រុងប៉េកាំងនៅតែបន្តធ្វើសកម្មភាព ដែលបំផ្លាញដល់ស័្វយភាពរបស់ទីក្រុងហុងកុង។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក រ៉ូប៊ឺត អូប្រាយអិន បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពរបស់ទីក្រុងប៉េកាំង តាមរយៈការដកសិទ្ធិជាសមាជិកសភា នៃតំណាងរាស្ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យ គឺបានបង្ហាញយ៉ាងច្បាស់ថា ចិនបានបំពានយ៉ាងធ្ងន់ធ្ងរលើការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះអន្តរជាតិពាក់ព័ន្ធនឹងទីក្រុងហុងកុង... ដូច្នេះសហរដ្ឋអាមេរិក នឹងពិនិត្យមើលពីលទ្ធភាព ដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកទាំងឡាយណា ដែលចង់បំផ្លាញសេរីភាពរបស់ទីក្រុងហុងកុង»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន-ហុងកុង ០៤រូបបន្ថែមទៀតដោយចោទថា អ្នកទាំងនេះមានជាប់ ពាក់ព័ន្ធនឹងសកម្មភាពបង្ក្រាបក្រុមបក្សប្រឆាំង។ ដោយឡែក កាលពីខែសីហាកន្លងទៅ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើ នាយកប្រតិបត្តិក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam), មន្ត្រីជាន់ខ្ពស់រួមទាំងអតីតមេប៉ូលិសហុងកុង ជាច្រើននាក់ផងដែរ៕