(ហុងកុង)៖ សមាជិកសភាហុងកុងទាំងអស់ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រកាសថា ពួកគេនឹងលាលែងចេញពីតំណែង ជាការឆ្លុះបញ្ចាំងពីសាមគ្គីភាព ចំពោះមិត្តរួមការងារទាំងបួននាក់ ដែលត្រូវបានអាជ្ញាធរគាំទ្រទីក្រុងប៉េកាំង ដកសិទ្ធិជាសមាជិកសភា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

សមាជិកសភាហុងកុងដែលមានជំហរ គាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៩រូប កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏ធ្លាប់បានព្រមានលាលែងពីតំណែងម្តងរួចទៅហើយ ប្រសិនបើមានសមាជិកសភាដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យណាម្នាក់ ត្រូវបានគេដកសិទ្ធិ ដើម្បីឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ពួកគេ និងជាការបង្ហាញថា តើក្រុងប៉េកាំងអាចមានឆន្ទៈក្នុងការបង្ក្រាបក្រុមប្រឆាំង តាមរបៀបណាផងដែរ។

នៅបំផុតសមាជិក ០៤ រូបក្នុងចំណោម ១៩រូបត្រូវបានដកសិទ្ធិពីសមាជិកសភា។ ឆ្លើយចំពោះចំណាត់ការពីអាជ្ញាធរហុងកុងនេះ នៅក្នុងសនិ្នសីទសារព័ត៌មានមួយ លោក វូ ជីវ៉ៃ (Wu Chi-wai) ជាសមាជិកសភាម្នាក់ក្នុងចំណោមសមាជិកសភាប្រជាធិបតេយ្យនៅសល់ ១៥រូប បានលើកឡើងដូច្នេះថា «យើង...នឹងឈរប្រកៀកស្មាជាមួយ មិត្តរួមការងាររបស់យើង ហើយយើងនឹងលាលែងទាំងអស់គ្នាតែម្ដង»

គួរជម្រាបថា កាលពីថ្ងៃពុធម្សិលមិញ ទីក្រុងហុងកុង បានដកសិទ្ធិសមាជិកសភា នៃបក្សប្រឆាំងចំនួន ០៤រូបភ្លាមៗ បន្ទាប់ពីសភាចិនបានអនុម័តនូវដំណោះស្រាយមួយ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិទីក្រុងនេះ បណ្តេញសមាជិកសភា ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។ រដ្ឋបាលទីក្រុងហុងកុងបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកសភាប្រឆាំង ០៤រូប គឺលោក អាល់វីន យ៉ាង (Alvin Yeung), ឌែននីស ក្វុក (Dennis Kwok), ក្វុក កាគី (Kwok Ka-ki), និង ឃែនណេត លាង Kenneth Leung ត្រូវបានដកសិទ្ធពីបទបង្កគ្រោះថ្នាក់ ដល់សន្តសុខរបស់ជាតិ៕