(វ៉ាស៊ីនតោន)៖ ​​​​​​ថ្ងៃពុធ​​​​ ​​​​ទី១១ ​​​​ខែវិច្ឆិកា ​​​​ម្សិលមិញ​​​​​​នេះ ​​​​​​​​(ពេលវេលា​​​​​​​​នៅ​​​​​​​​វ៉ាស៊ីនតោន) សហរដ្ឋអាមេរិក បានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 សរុបរហូតដល់ទៅជាង ១៤២,៨០៨ករណីបន្ថែមទៀតក្នុងមួយថ្ងៃ នាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ជាង ១០,៧០៨,៦៣០នាក់ ខណៈករណីស្លាប់នៅថ្ងៃម្សិលមិញនេះ មានចំនួនដល់ ១,៤៧៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រ worldometers នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធ ទី១១ ខែវិច្ឆិកា បានកើនដល់ឡើង ២៤៧,៣៩៧នាក់។

សហរដ្ឋអាមេរិក នៅតែបន្តឈរលេខ១ ដដែល ក្នុងនាមជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតលើលោក។

គួរបញ្ជាក់ថា ជាច្រើនថ្ងៃមកហើយដែលសហរដ្ឋអាមេរិក បានរាយការណ៍អំពីការបំបែកកំណត់ត្រា នៃចំនួនអ្នកឆ្លង COVID-19 ថ្មីៗក្នុងមួយថ្ងៃលើសជាង១០ម៉ឺននាក់។ ការធ្វើបាតុកម្ម, ការប្រមូលផ្តុំគ្នា និងការតវ៉ាដ៏ចម្រូងចម្រាស់ ដោយមិនបានអនុវត្តវិធានការសុវត្ថិភាព ត្រូវបានគេជឿជាក់ថា ជាកត្តាចម្បងៗដែលជំរុញឲ្យករណីឆ្លង COVID-19 កើនឡើងយ៉ាងគំហុក៕