(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានទទូចឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបង្កើនចំណងទាក់ទងជាមួយកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិបានប្រកាសថា ពួកគេនឹងបើកកិច្ចចរចាសេដ្ឋកិច្ច នៅក្នុងខែវិច្ឆិកានេះ ហើយរដ្ឋាភិបាលកោះតៃវ៉ាន់ បានហៅកិច្ចចរចានេះថាជា «ព្រឹត្តិការណ៍ដ៏សំខាន់» នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន មិនមានសិទ្ធិក្នុងការបង្កើតចំណងទាក់ទងជាផ្លូវការជាមួយប្រទេសដទៃទៀតឡើយ។ ប៉ុន្តែ នាពេលថ្មីៗនេះ ចិនបានមើលឃើញពីការព្រួយបារម្ភមួយដែលកោះតៃវ៉ាន់បានទទួលការគាំទ្រពីសហរដ្ឋអាមេរិក ដូចជាការលក់អាវុធថ្មីៗ និងការធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ ដោយមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ជាដើម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖« ចិនបាន ជំទាស់រាល់ការផ្លាស់ប្តូរជាផ្លូវការណាមួយរវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ ដោយបានទទូចដល់សហរដ្ឋអាមេរិកឱ្យបញ្ឈប់រាល់ការផ្លាស់ប្តូរ ជាផ្លូវការណាមួយដែលទាក់ទង ជាមួយកោះតៃវ៉ាន់ និងបញ្ឈប់ការបង្កើនចំណងទាក់ទងដ៏សំខាន់នេះផងដែរ»

គួរជម្រាបថា រដ្ឋាភិបាលទីក្រុងតៃប៉ិ ក៏បានឱ្យដឹងដែរថា កោះតៃវ៉ាន់នឹងបញ្ជូនគណៈប្រតិភូតូចមួយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច លោក Chen Chern-chy ឱ្យទៅចូលរួមក្នុងកិច្ចប្រជុំពិភាក្សាភាពជាដៃគូ វិបុលភាព សេដ្ឋកិច្ចអាមេរិក-តៃវ៉ាន់ ដែលគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនេះ៕