(បរទេស)៖ បេសកកម្មដំបូងបំផុតទៅកាន់ភពអង្គារ (Mars) របស់អេមីរ៉ាត់អារ៉ាប់រួម (UAE) ឈ្មោះថា Hope នឹងទៅដល់គោលដៅ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ពោលគឺក្នុងខែតែមួយដូចបេសកកម្ម Tianwen-1 របស់ចិន និងបេសកកម្ម Perseverance របស់អាមេរិកដែរ។ នេះបើតាមដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រសិនបើយានស្រាវជ្រាវ Hope ទៅដល់គន្លងភពអង្គារដោយសុវត្ថិភាពនោះ UAE នឹងក្លាយជាប្រទេសទី៥ហើយ ដែលបញ្ជូនបេសកកម្មទៅកាន់ភពក្រហមនោះដោយជោគជ័យ បន្ទាប់ពីអាមេរិក សូវៀត អឺរ៉ុប និងឥណ្ឌា។ មកទល់ពេលនេះ ការធ្វើដំណើរឆ្ពោះទៅកាន់ភពអង្គាររបស់ Hope គឺប្រព្រឹត្តទៅបាន៦០ភាគរយហើយ ចាប់តាំងពីពេលវាចាកចេញពីផែនដីនៅថ្ងៃទី២០ ខែកក្កដា កន្លងទៅ។

គួរជម្រាបថា បេសកកម្មរបស់ UAE គឺខុសពីបេសកម្មរបស់ចិននិងអាមេរិក ដែលមានការចុះចតនៅលើផ្ទៃភពអង្គារតែម្តងផងដែរ។ យាន Hope ដែលមានប្រភេទជាផ្កាយរណប នឹងធ្វើការសិក្សាស្រាវជ្រាវភពអង្គារពីចម្ងាយចន្លោះ១,០០០-៤,៩០០គីឡូម៉ែត្រពីផ្ទៃរបស់វា សម្រាប់រយៈពេលយ៉ាងតិចមួយឆ្នាំ (ពេលវេលានៅភពអង្គារ ដែលស្មើនឹង៦៨៧ថ្ងៃលើផែនដី)៕