(ហ្សឺណែវ)៖ សហរដ្ឋអាមេរិកបានរិះគន់យ៉ាងខ្លាំង ក៏ដូចជាទាមទារផងដែរនូវតម្លាភាព លើលក្ខខណ្ឌសម្រាប់ផ្ទៀងផ្ទាត់ ការស៊ើបអង្កេតពីប្រភពដើម នៃវីរុសកូរ៉ូណាបង្កជំងឺ COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO ខណៈលោក ត្រាំ ជារឿយៗតែងតែហៅ COVID-19 ថាជាវីរុសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ហ្គារែត គ្រីកស្បាយ (Garrett Grigsby) ជាប្រធានការិយាល័យកិច្ចការសកល មកពីក្រសួងសុខាភិបាលអាមេរិក បានលើកឡើងនៅក្នុងសមាជអង្គការ WHO នៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសជាសមាជិកទាំងអស់ បានដឹងពីលក្ខខណ្ឌសម្រាប់ផ្ទៀងផ្ទាត់ ការស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូរ៉ូណា កាលពីប៉ុន្មានថ្ងៃមុននេះតែប៉ុណ្ណោះ ដែលដូចជាគ្មានតម្លាភាព និងមិនមានការព្រមព្រៀងគ្នាទាល់តែសោះ។

លោក Grigsby បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លក្ខខណ្ឌសម្រាប់ផ្ទៀងផ្ទាត់ ការស៊ើបអង្កេត មិនត្រូវបានយកពិគ្រោះ ឬចរចាគ្នាដោយតម្លាភាពនោះទេ ជាមួយនឹងបណ្ដាប្រទេសជាសមាជិក ហើយការស៊ើបអង្កេតទៀតសោត ក៏ហាក់ដូចជាមិនត្រូវគ្នា នឹងអាណត្តិដែលផ្ដល់ដោយរដ្ឋជាសមាជិកទាំងអស់ នោះដែរ»។ លោក Grigsby មិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយ។

ជុំវិញការចោទប្រកាន់ពីអាមេរិកជាថ្មីនេះ លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានចេញមុខច្រានចោល និងបានលើកឡើងថា ការស៊ើបអង្កេតត្រូវបានចូលរួមដោយបណ្តាសមាជិក ដែលមានបទពិសោធន៍ទៅលើបញ្ហានេះ។ ប្រធាន WHO រូបនេះបានអះអាងថា សមាជិកនៃក្រុមស៊ើបអង្កេតមានមកពីប្រទេស រុស្ស៊ី អូស្ត្រាលី ស៊ូដង់ ដាណឺម៉ាក ហូឡង់ អាល្លឺម៉ង់ ជប៉ុន វៀតណាម ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ។

សម្រាប់ប្រទេសចិនវិញ មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ព្រោះកន្លងមកខ្លួនបានសម្រេចចូលរួមសហការ ក្នុងការស៊ើបអង្កេតរកប្រភពដើម របស់វីរុសកូរ៉ូណានោះរួចទៅហើយ។ តំណាងចិនមួយរូបមកពីគណៈកម្មការសុខាភិបាលជាតិ គឺលោក ស៊ុន យ៉ាង (Sun Yang) ដែលបានចូលរួមសមាជដ៏ធំរបស់ WHO បានលើកឡើងថា «ចិនគាំទ្រតួនាទីដឹកនាំរបស់ WHO ជានិច្ច»

គួរជម្រាបថា រដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់បានចោទប្រកាន់អង្គការ WHO គឺជាអាយ៉ងរបស់ចិន តែប្រមុខអង្គការមួយនេះគឺលោក Tedros Adhanom Ghebreyesus បានទាត់ចោលការចោទប្រកាន់ទាំងឡាយ របស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់។ លោក ត្រាំ កាលពីខែមេសា បានប្រកាសផ្ដាច់ជំនួយជាបណ្ដោះអាសន្នឱ្យ WHO ដោយបង្កឱ្យមានការ រិះគន់ជាខ្លាំងពីអន្តរជាតិ ហើយកាលពីខែកក្កដា អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនទទួលបានសេចក្ដីជូនដំណឹងផ្លូវការមួយ ពីការសម្រេចចិត្តដកខ្លួនចេញពីអង្គការ WHO របស់សហរដ្ឋអាមេរិក នៅខែកក្កដា ឆ្នាំ២០២១៕