(វ៉ាស៊ីនតោន)៖ បើតាមសេចក្តីរាយការណ៍មុននេះបានបង្ហាញថា គណបក្សសាធារណរដ្ឋបានឈ្នះ ០៩អសនៈទៀតនៅក្នុងសភាតំណាងរាស្ត្រ បន្ទាប់ពីសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យលោក ហាលី រួដា (Harley Rouda) ទទួលបរាជ័យនៅក្នុងសង្កាត់អូរ៉េង (Orange County) នៃរដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik ដកស្រង់ចេញពី AP នារសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន AP បានឱ្យដឹងទៀតថា គណបក្សប្រជាធិបតេយ្យ នៅតែអាចបន្តគ្រប់គ្រងសភាតំណាងរាស្ត្រ គិតត្រឹមល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ របាយការណ៍ដដែលបានគូសបញ្ជាក់ទៀតថា គណបក្សប្រជាធិបតេយ្យអាចឈ្នះអសនៈបន្ថែមទៀត ប៉ុន្តែសំឡេងភាគច្រើនរបស់ពួកគេ នៅក្នុងសភាតំណាងរាស្ត្រ ទំនងជាអាចធ្លាក់ចុះបន្តិច។

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យនៅតែអាច រក្សាបានអសនៈភាគច្រើន បន្ទាប់ពីសមាជិកសភា ០៣ រូបទទួលបានជ័យជំន្នះរួមមានលោកស្រី ឃីម ស្គ្រីយឺ (Kim Schrier) នៅរដ្ឋវ៉ាស៊ីនតោន, លោក ថម អូហលឡឺរែន (Tom O'Halleran) នៅរដ្ឋ អារីហ្សូណា (Arizona) និង ជីមមី ហ្គោមែស (Jimmy Gomez) នៅរដ្ឋកាលីហ្វ័រញ៉ា (California)។ គណបក្សប្រជាធិបតេយ្យឥឡូវនេះ បានគ្រប់គ្រងយ៉ាងហោចណាស់ ២១៨ អសនៈនៅក្នុងសភាតំណាងរាស្ត្រ ខណៈបក្សសាធារណរដ្ឋបានត្រឹម ២០១អសនៈប៉ុណ្ណោះ៕