(ព្រុចស៊ែល)៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសឱ្យដឹងថា សហភាពអឺរ៉ុប (EU) នឹងផ្តល់កិច្ចសន្យាសម្រាប់ការទិញវ៉ាក់សាំង COVID-19 ចំនួន ៣០០លានដូស ដែលអភិវឌ្ឍដោយក្រុមហ៊ុន បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនដៃគូ ភីហ្វីហ្សឺ (Pfizer) របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា នេះគឺជាបេក្ខភាពវ៉ាក់សាំងដ៏ជោគជ័យបំផុត ហើយកិច្ចសន្យាដែលធ្វើឡើងនៅថ្ងៃពុធនេះ នឹងក្លាយជាកិច្ចព្រមព្រៀងទី ៤ រវាងសហភាពអឺរ៉ុប ជាមួយក្រុមហ៊ុនឱសថនានា ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19។ កិច្ចសន្យានេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទាំងពីរ បានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា បេក្ខភាពវ៉ាក់សាំងរបស់ពួកគេ បានបង្ហាញពីប្រសិទ្ធភាពជាង ៩០% ប្រឆាំងនឹងជំងឺ COVID-19 ចំពោះអ្នកចូលរួមធ្វើតេស្ត ដែលគ្មានប្រវត្តិឆ្លងវីរុសកូរ៉ូណាពីមុន។

គួរជម្រាបថា ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ប្រទេសជាច្រើនរួមមាន អាល្លឺម៉ង់ ចិន រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកកំពុងប្រជែងគ្នា ដើម្បីស្វែងរកវ៉ាក់សាំងដ៏មានប្រសិទ្ធភាព។ បើតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី ៣ ខែវិច្ឆិកា មានបេក្ខភាពវ៉ាក់សាំង COVID-19 សរុបចំនួន ២០២ ដែលកំពុងត្រូវបានអភិវឌ្ឍឡើងនៅទូទាំងពិភពលោក ក្នុងនោះបេក្ខភាពវ៉ាក់សាំងចំនួន ៤៧ កំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បង៕