(វ៉ាស៊ីនតោន)៖ មេដឹកនាំបណ្តាប្រទេសសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានទូរស័ព្ទទៅប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ហើយបានសន្យាថានឹងធ្វើការរួមគ្នា ប៉ុន្តែរដ្ឋមន្ត្រីការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានទទូចថា លោក ដូណាល់ ត្រាំ នឹងនៅតែបន្តកាន់អំណាចដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson), ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron), និងអធិការបតីអាល្លឺម៉ង់លោកស្រី អ៊ែនជែឡា មើគែល (Angela Merkel) សុទ្ធតែបានអបអរសាទរចំពោះការទទួលជ័យជម្នះ កាលពីសប្តាហ៍មុនរបស់លោក បៃដិន។

លោក បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋ Deleware ដែលជារដ្ឋកំណើតរបស់លោកថា «ខ្ញុំចង់ឱ្យពួកគេដឹងថា អាមេរិកវិលត្រឡប់មកវិញហើយ»។ ក្រុមផ្លាស់ប្តូរបានគូសបញ្ជាក់ថា លោក បៃដិន គ្រោងនឹងធ្វើការជាមួយសហភាពអឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកល COVID-19 ក៏ដូចជាការប្រែប្រួលអាកាសធាតុ ដែលជាផ្នែកមួយនៃគោលនយោបាយជាច្រើន ដែលលោក ត្រាំ ដើរផ្ទុយពីបណ្តាប្រទេសសម្ព័ន្ធមិត្ត។

នៅក្នុងកិច្ចសន្ទនាជាមួយលោកស្រី Merkel ដែលធ្លាប់រងការវាយប្រហារពីសំណាក់លោក ត្រាំ ជុំវិញការស្វាគមន៍ជនចំណាកស្រុក និងការចំណាយលើវិស័យការពារជាតិតិចតួច លោក បៃដិន នៅក្នុងសេចក្តីថ្លែងការណ៍មួយបានកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់លោកស្រី និងបានអំពាវនាវឱ្យធ្វើឱ្យប្រសើរឡើងវិញ នូវទំនាក់ទំនងអន្តរអាត្លង់ទិក។

ទន្ទឹងនឹងនេះ លោក Johnson ដែលធ្លាប់មានទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយលោក ត្រាំ ក៏បាននិយាយជាមួយលោក បៃដិន ប្រហែល ២០នាទីតាមទូរស័ព្ទ បន្ទាប់មកបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា លោកសង្ឃឹមថា នឹងធ្វើការជាមួយលោក បៃដិន «ដើម្បីធ្វើឱ្យអ្វីៗប្រសើរឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត» ដែលជាពាក្យស្លោកចេញពីយុទ្ធនាការ របស់គណបក្សប្រជាធិបតេយ្យ។
មេដឹកនាំបណ្តាប្រទេសប្រជាធិបតេយ្យឧស្សាហកម្មធំៗទាំង ៧ សុទ្ធតែបានអបអរសាទរលោក បៃដិន ក៏ដូចជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយចំនួនរបស់លោក ត្រាំ ក្នុងនោះរួមមាននាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ព្រះបុត្រាស្នងរាជ្យនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ពិន សាល់ម៉ាន់ (Mohammed bin Salman) ផងដែរ។

យ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ នៅតែបន្តបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងបានប្តេជ្ញាដោះស្រាយបញ្ហាតាមផ្លូវច្បាប់ បើទោះជាគ្មានភស្តុតាងណាមួយ បញ្ជាក់ពីការលួចបន្លំសន្លឹកឆ្នោតក៏ដោយ។ លោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ជំហររបស់លោក ត្រាំ គឺជាគោលនយោបាយផ្លូវការរបស់រដ្ឋាភិបាល។

លោក ប៉ុមប៉េអូ បានបន្ថែមទៀតថា ពិភពលោកគួរតែមានទំនុកចិត្ត ចំពោះតួនាទីរបស់រដ្ឋាភិបាលអាមេរិក បន្ទាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ដែលជាថ្ងៃស្បថចូលកាន់ដំណែងរបស់ប្រធានាធិបតី។ បន្ថែមពីនេះ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើសហរដ្ឋអាមេរិកនៅតែអាចចេញសេចក្តីថ្លែងការណ៍ ជំរុញឱ្យមានការបោះឆ្នោតសេរី នៅជុំវិញពិភពលោកដែរឬទេ? លោក ប៉ុមប៉េអូ បានហៅសំណួរនេះថា «គួរឱ្យអស់សំណើច» ហើយថាសហរដ្ឋអាមេរិក ធ្វើតាមនីតិវិធីស្តង់ដាររបស់ខ្លួនតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅជុំវិញបញ្ហាខាងលើនេះ លោក ឆាក់ ស្កាំមើ (Chuck Schumer) អ្នកប្រជាធិបតេយ្យកំពូលនៅក្នុងព្រឹទ្ធសភាអាមេរិក បានហៅលោក ប៉ុមប៉េអូ ថាកំពុងមានបញ្ហាជាមួយនឹងការពិត។ លោក Schumer បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក បៃដិន បានឈ្នះហើយ ហើយយើងមានវិបត្ដិ COVID-19 ត្រូវដោះស្រាយជាបន្ទាន់ និងគ្មានពេលសម្រាប់ល្បែងប្រភេទនេះឡើយ៕