(ម៉ាឌ្រីដ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអេស្ប៉ាញ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសអេស្ប៉ាញនឹងទទួលបាន វ៉ាក់សាំងប្រឆាំង COVID-19 ដំបូងបង្អស់របស់ខ្លួន ពីក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្សឺ (Pfizer) ដែលសហការជាមួយ ក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង បាយអូអិនធិច (BioNTech) នៅដើមឆ្នាំ២០២១ខាងមុខនេះ ក្រោមកិច្ចព្រមព្រៀងមួយ ដែលកំពុងចរចាដោយសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

សហភាពអ៊ឺរ៉ុបបានប្រកាសដោយមានសង្ឈឹមថា ខ្លួននឹងធ្វើការចុះកិច្ចសន្យាឆាប់ៗ ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំង COVID-19 រាប់លានដូសនេះ។ សហភាពអ៊ឺរ៉ុប បានធ្វើសេចក្ដីប្រកាសខាងលើ នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថទាំងពីរគឺ Pfizer និង BioNTech បានអះអាងថា វាមានប្រសិទ្ធភាពជាង ៩០% ហើយដែលវាជាការជោគជ័យដ៏ធំធេងមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19)។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអេស្ប៉ាញ លោក សាលវ៉ាដឺ អ៉ីលឡា (Salvador Illa) បានគូសបញ្ចាក់នៅលើកញ្ចក់ទូរទស្សន៍ TVE យ៉ាងដូច្នេះថា ដំបូងឡើយប្រទេសអេស្ប៉ាញ នឹងទទួលបានវ៉ាក់សាំងប្រឆាំង COVID-19 ដែលមានប្រសិទ្ធិភាពនេះចំនួន ២០លានដូស ដែលវាគ្រប់គ្រាន់នឹងអាចចាក់លើមនុស្សចំនួន ១០លាននាក់ ដោយឥតគិតថ្លៃ។ ការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមប្រព្រឹត្តិឡើងពីខែមេសា ដល់ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដូច្នេះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល (COVID-19) នៅប្រទេសអេស្ប៉ាញ នឹងឈានដល់ដំណាក់កាលមួយដែលល្អជាងនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers ប្រទេសអេស្ប៉ាញ បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,៤៤៣,៩៩៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣៩,៧៥៦នាក់ និងអ្នកជាសះស្បើយមិនទាន់មានទិន្នន័យច្បាស់លាស់ឡើយ។ អេស្ប៉ាញ អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៉ីតាលីជាដើម សុទ្ធតែជាប្រទេសដែលមានករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេនៅអឺរ៉ុប៕