(វីលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ចូ បៃដិន បានហៅការមិនព្រមទទួលស្គាល់បរាជ័យរបស់លោក ដូណាល់ ត្រាំ នោះថា ជាភាពអាម៉ាស់មួយ ប៉ុន្តែលោក បៃដិន មិនបានចាត់ទុកវាជារឿងសំខាន់នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅពេលត្រូវបានអ្នកកាសែតសាកសួរ អំពីការមិនទទួលស្គាល់បរាជ័យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៣ ខែវិច្ឆិកា លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «និយាយដោយត្រង់ទៅចុះ! ខ្ញុំគ្រាន់តែគិតថា វាជាភាពអាម៉ាស់មួយ។ តើខ្ញុំអាចនិយាយអំពីរឿងនេះ យ៉ាងដូចម្តេចទៅ? ខ្ញុំគិតថាវានឹងមិនជួយអ្វី ដល់កេរ្តិ៍ឈ្មោះរបស់ប្រធានាធិបតីនោះឡើយ...»

លោក ចូ បៃដិន បានថ្លែងចេញពីស្រុកកំណើតរបស់លោក នៅក្នុងទីក្រុងវីលមីងតុន នៃរដ្ឋដេឡាវែរ (Delaware) បន្ថែមទៀតថា «ជាការពិត ពួកគេកំពុងបង្ហាញភាពគ្មានឆន្ទៈ នៅក្នុងការទទួលស្គាល់ជ័យជម្នះរបស់យើង ហើយត្រង់ចំណុចនេះ វាមិនមែនជាបញ្ហាសំខាន់ខ្លាំងនោះឡើយ ចំពោះផែនការរបស់យើង»។

គួរបញ្ជាក់ថា រយៈពេលមួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោត លោក ដូណាល់ ត្រាំ នៅតែបន្តស្ថិតនៅក្នុងសេតវិមាន ហើយបង្ហោះសារ Twitter ដើម្បីធ្វើការចោទប្រកាន់ជាបន្តបន្ទាប់ អំពីការក្លែងបន្លំសន្លឹកឆ្នោត។ ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ នៅតែជឿជាក់ថា លោកគឺជាអ្នកឈ្នះយ៉ាងពិតប្រាកដ និងកំពុងជំរុញឲ្យក្រុមការងាររបស់លោក ដាក់ពាក្យបណ្តឹង ដើម្បីដោះស្រាយការចោទប្រកាន់នេះទៅតាមផ្លូវច្បាប់ ទាំងដែលគ្មានភស្តុតាងណាមួយ ត្រូវបានបញ្ចេញនៅឡើយទេ អំពីការចោទប្រកាន់រឿងក្លែងបន្លំសន្លឹកឆ្នោតនោះ៕