(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះបានអះអាងថា លោកនឹងនៅបន្តធ្វើជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត ខណៈលទ្ធផលនឹងដឹងនៅសប្តាហ៍ក្រោយ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយអាមេរិកនំាគ្នាប្រកាសថា លោក ចូ បៃដិន គឺជាប្រធានាធិបតីជាប់ឆ្នោតរួចស្រេចទៅហើយក្តី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Inderpendent នៅយប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter លោក ដូណាល់ ត្រាំ បានបង្ហោះសារបន្តបន្ទាប់គ្នា យ៉ាងដូច្នេះថា «យើងកំពុងមានការវិវត្តន៍ដ៏ធំធេង។ លទ្ធផលនឹងដឹងនៅសប្តាហ៍ក្រោយ។ យើងនឹងធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត»។ មិនបានប៉ុន្មាននាទីក្រោយមក លោក ត្រាំ ក៏បានបង្ហោះសារមួយទៀតថា «យើងនឹងឈ្នះ»។

គួរជម្រាបថា កាលពីចុងសប្តាហ៍មុន ក្រោយពីប្រកាសលទ្ធផលថា លោក Joe Biden ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៦ របស់អាមេរិក ភ្លាមៗនោះលោក ដូណាល់ ត្រាំ ក៏បានប្រកាសថា លោកនឹងមិនទទួលយកលោក Joe Biden ជំនួសគាត់នៅក្នុងសេតវិមានទេ។ មិនតែប៉ុណ្ណោះលោកថែមទាំងអះអាងទៀតថា មានក្រុមបណ្តាញជួយលោក Biden «ក្លែងបន្លំសន្លឹកឆ្នោត» ខណៈដែលលោកកំពុងប្រយុទ្ធប្រឆាំងនឹងលទ្ធផលតាមផ្លូវតុលាការ៕