(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីតោន) បានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីចិន ០៤រូបបន្ថែមទៀត ក្រោមការចោទប្រកាន់ថា ពួកគេបានចូលរួមក្នុងការបង្ក្រាប ក្រុមអ្នកតវ៉ានៅទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២0២០។

ក្រសួងរតនាគារ និងក្រសួងការបរទេសនៃសហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណមន្ត្រីទាំង ០៤រូបរួមមានលោក តឹង ចុងហ្វ័រ (Deng Zhonghua) ជាអនុប្រធានការិយាល័យកិច្ចការហុងកុង និងម៉ាកាវ, លោក អ៊ែដវីណា ឡូវ (Edwina Lau) ជាស្នងការរងប៉ូលិសហុងកុង, លោក លី ជាំងចូវ (Li Jiangzhou) ព្រមទាំងលោក លី ក្វៃវ៉ា (Li Kwai-wah) មន្ត្រីនៅការិយាល័យសន្តិសុខជាតិ ដែលទើបបង្កើតឡើងប្រចាំនៅទីក្រុងហុងកុង។

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានគូសបញ្ជាក់ថា ទណ្ឌកម្មទាំងនេះ ជាឆ្លើយតបទៅនឹងតួនាទីរបស់ពួកគេ ក្នុងការអនុវត្តច្បាប់សន្តិសុខជាតិថ្មី នៅទីក្រុងហុងកុង។ លោក ប៉ុមប៉េអូ បានបន្ថែមទៀតថា ពួកគេនឹងត្រូវហាមឃាត់ មិនឱ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ ដែលស្ថិតនៅក្រោមដែនអំណាចរបស់សហរដ្ឋអាមេរិក នឹងត្រូវបង្កកទុកផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Pompeo បានលើកឡើងយ៉ាងដូច្នេះថា សកម្មភាពទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ទោស លើបុគ្គលសំខាន់ៗទាំងឡាយណា ដែលបានធ្វើឱ្យប៉ះពាលដល់សេរីភាព និងស្វ័យភាពរបស់ពលរដ្ឋហុងកុង។

នៅជុំវិញបញ្ហានេះ រដ្ឋលេខាធិការទីក្រុងហុងកុងលោក ម៉ាត់ស៊ូ ជុង (Matthew Cheung) បានឆ្លើយតបទៅវិញថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺជារឿងដែលមិនអាចទទួលយកបានឡើយ ហើយលោកបានហៅសកម្មភាពនេះថា «ជាការជ្រៀតជ្រែកដ៏ឃោឃៅបំផុត»។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះ លោក Cheung បានបញ្ជាក់ថា យើងនឹងមិនភ័យខ្លាច ចំពោះវិធានការបែបនេះដាច់ខាត។

គួរបញ្ជាក់ថា កាលពីខែមុនក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្លាប់បានព្រមាន ដល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងឡាយណា ដែលហ៊ានធ្វើជំនួញជាមួយបុគ្គលទទួលខុសត្រូវ ចំពោះការបង្ក្រាបនៅទីក្រុងហុងកុង នឹងប្រឈមនឹងការដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរបំផុត។ បន្ថែមពីលើនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្ម លើលោកស្រី ខារី ឡាំ (Carrie Lam) មេដឹកនាំទីក្រុងហុងកុង និងមន្ត្រីជាន់ខ្ពស់ដទៃទៀតកាលពីខែសីហាផងដែរ ដើម្បីឆ្លើយតបចំពោះអ្វីដែលអាមេរិកចាក់ទុកថា ជាសកម្មភាពកាត់បន្ថយសេរីភាព និងបង្ក្រាបលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងហុងកុង៕