(វ៉ាស៊ីនតោន)៖ ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ថា លោកបានបណ្ដេញរដ្ឋមន្ត្រីការពារជាតិលោក ម៉ាក អ៉ីស្ពើរ (Mark Esper) ចេញពីតំណែងជាស្ថាពរ ហើយលោក គ្រីស្តូហ្វឺ មីល្លឺ (Christopher Miller) ដែលជានាយកមជ្ឈមណ្ឌលជាតិ ប្រឆាំងភេរវកម្ម នឹងត្រូវឡើងកាន់តំណែងជារដ្ឋមន្ត្រី ការពារជាតិស្ដីទីភ្លាមៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ការណ្ដេញលោក Esper ពីតំណែងកើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ចូ បៃដិន ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី តែលោក ត្រាំ បដិសេធទទួលស្គាល់ ហើយថានឹងតវ៉ាជំទាស់លទ្ធផលបោះឆ្នោត តាមផ្លូវតុលាការ។ លោក ត្រាំ និងលោក Esper មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ជាពិសេសគឺបាតុកម្មតវ៉ា ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) តែម្ដង។ នៅក្នុងលិខិតឆ្លើយតបទៅកាន់លោក ត្រាំ នៅថ្ងៃចន្ទដដែលនោះដែរ លោក Esper ក៏បានបញ្ជាក់ថា លោកទទួលយកការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ផងដែរ។

គួរជម្រាបថា មុននឹងលោក ចូ បៃដិន អាចនឹងកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ត្រាំ នៅតែមានអំណាចជាប្រធានាធិបតីដដែល ហើយមន្ត្រីជាន់ខ្ពស់អាមេរិកបន្ទាប់ទៀត ដែលគេយល់ថា អាចនឹងត្រូវបានបណ្ដេញចេញពីតំណែងគឺនាយក FBI លោក គ្រីស្តូហ្វឺ រ៉េយ (Christopher Wray) និងនាយក CIA លោកស្រី ជីណា ហាសភែល (Gina Haspel) ដែលអ្នកទាំងពីរនេះសុទ្ធតែធ្លាប់មានការខ្វែងគំនិតគ្នា ជាមួយលោក ត្រាំ៕