(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១២៦នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ២៧,៥៥៣ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ៣៩នាក់បានរាយការណ៍ចេញពីទីក្រុងសេអ៊ូល និង ២១នាក់ទៀតចេញពីខេត្ត Gyeonggi ហើយក្រៅពីនោះគឺជាករណីនាំចូលពីក្រៅប្រទេស។។ សម្រាប់ករណីស្លាប់ថ្មីវិញ មានចំនួន ២នាក់ ដែលធ្វើចំនួនអ្នកស្លាប់សរុប កើនដល់ ៤៨០នាក់។ ទន្ទឹមគ្នានេះ អ្នកជំងឺ ៦១នាក់ទើបតែបានជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ២៥,០២៩នាក់ ឬស្មើនឹង ៩០.៨៤%នៃករណីឆ្លងនៅទូទាំងប្រទេស។

គួរជម្រាបថា ថ្ងៃនេះ ជាថ្ងៃទីពីរជាប់ៗហើយ ដែលកូរ៉េខាងត្បូងបានមើលករណីឆ្លងថ្មីលើសពី ១០០ករណី ក្នុងមួយថ្ងៃ។ ដោយឡែក ចំនួនអ្នកធ្វើតេស្តវិញ បើរាប់ចាប់តាំងពីដើមខែមករា ឆ្នាំ២០២០មក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សជាង ២.៧០លាននាក់ហើយ៕