(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Ted Cruz បានអះអាងថាលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមានឱកាស ឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី ដោយលោកព្យាករថាការតវ៉ាតាមផ្លូវច្បាប់ប្រឆាំងនឹងលទ្ធផលបោះឆ្នោត នៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ នឹងធ្លាក់ដល់ដៃតុលាការកំពូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Ted Cruz បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យដូច្នេះថា៖ «ខ្ញុំជឿជាក់ថាលោកប្រធានាធិបតី ត្រាំ នៅតែមាន ឱកាសឈ្នះក្នុងការបោះឆ្នោត ហើយជំហានឈ្នះនោះ គឺការរាប់តែសន្លឹកឆ្នោតស្របច្បាប់ និងមិនរាប់សន្លឹកឆ្នោតខុសច្បាប់ ឬត្រូវបានក្លែងបន្លំ។ យើងមាននិតិវិធី ច្បាប់ ដើម្បីកំណត់អ្វីដែលស្របច្បាប់ និងអ្វីដែលមិនស្របច្បាប់»

គួរជម្រាបថា លោក Ted Cruz រំពឹងថាការតវ៉ាតាមផ្លូវច្បាប់ប្រឆាំងនឹងលទ្ធផលបោះឆ្នោត នៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ នឹងធ្លាក់ដល់ដៃ តុលាការកំពូល ដោយលោកបានលើកពីការបោះឆ្នោតកាលពីឆ្នាំ២០០០ រវាងលោក George W. Bush និងបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក Al Gore ជាឧទាហរណ៍ ដោយកាលណោះតុលាការកំពូលសម្រេចចិត្តឱ្យលោក Bush ជាអ្នកឈ្នះ ក្នុងការតតាំងគ្នាតាមផ្លូវច្បាប់លើជម្លោះលទ្ធផលបោះឆ្នោត៕