(តៃប៉ិ)៖ អ្នកបង្កើតគោលនយោបាយនៅកោះតៃវ៉ាន់ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធានាដល់សមាជិកសភាតៃវ៉ាន់សាជាថ្មីថា លោក ចូ បៃដិន (Joe Biden) នឹងបន្តការគាំទ្រកោះតៃវ៉ាន់ ដែលកន្លងមកនេះបានទទួលអត្ថប្រយោជន៍ ពីការគាំទ្រដ៏រឹងមាំដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ភាពតានតឹងលើកោះតៃវ៉ាន់ បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីគណបក្សសាធារណរដ្ឋ បានឡើងកាន់អំណាចកាលពីជិត ០៤ឆ្នាំមុន។ ប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះការអំពាវនាវដែលមិនធ្លាប់មានពីមុនរបស់លោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ភ្លាមៗបន្ទាប់ពីលោកបានឈ្នះការបោះឆ្នោត។

បន្ទាប់មកទៀតការលក់អាវុធរបស់សហរដ្ឋអាមេរិក និងការធ្វើទស្សនកិច្ចចំនួនពីរលើកទៅកាន់ទីក្រុងតៃប៉ិ ដោយមន្រ្តីជាន់ខ្ពស់អាមេរិកកាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានការកើនឡើងផងដែរ។ នាពេលនោះ លោក ត្រាំ ក៏បានក្លាយជាឥស្សរជនដ៏មានប្រជាប្រិយភាពមួយរូប នៅកោះតៃវ៉ាន់ ដែលជាហេតុនាំឱ្យប្រទេសចិន បង្កើនសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ រួមទាំងយន្ដហោះចម្បាំងហោះហើរលើខ្សែបន្ទាត់បែងចែក តំបន់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។

សមាជិកសភាតៃវ៉ាន់ជាច្រើនរូប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការផ្លាស់ប្តូរគោលនយោបាយរបស់តៃវ៉ាន់ ក្រោមការគ្រប់គ្រងរបស់លោក បៃដិន។ លោក ហ័ង ស៊ីឈី (Huang Shih-chieh) សមាជិកសភាមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចនៅកោះតៃវ៉ាន់បានលើកឡើងថា ការព្រួយបារម្ភចម្បងរបស់ពួកគេ គឺជំហរគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ និងការកែសម្រួលគោលនយោបាយ ដែលអាចកើតមានឡើង។

ឆ្លើយតបនឹងការព្រួយបារម្ភទាំងឡាយ ប្រធានស្ថាប័នគោលនយោបាយជាន់ខ្ពស់របស់កោះតៃវ៉ាន់ លោក ឈិន មីងតុង (Chen Ming-tong) បានអះអាងម្តងហើយម្តងទៀត ចំពោះសមាជិកសភាតៃវ៉ាន់ថា «មិនចាំបាច់ព្រួយបារម្ភអំពីការផ្លាស់ប្តូរ កម្មសិទ្ធិនៅក្នុងសេតវិមានអាមេរិកទេ។ បើទោះបីជា វាអាចមានការផ្លាស់ប្តូរខ្លះ នៅក្នុងយុទ្ធវិធីរបស់លោក បៃដិន ចំពោះប្រទេសចិនក៏ដោយ ក៏វានឹងមិនមានការផ្លាស់ប្តូរ ក្នុងយុទ្ធសាស្ត្រទៅលើចិនដែរ»