(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ចច ដាប៊ែលយូ ប៊ូស (George W Bush) បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ដោយហៅលោកថាជា «បុរសល្អម្នាក់» ដែលទទួលបានឱកាសដើម្បីដឹកនាំ និងស្វែងរកឯកភាពជាតិសម្រាប់ប្រទេសរបស់យើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត លោក Bush ដែលធ្លាប់បានកាន់តំណែងជាប្រធានាធិបតីអាមេរិកពីរអាណត្តិ ក៏បានអបអរសាទរលោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ សម្រាប់សមិទ្ធផលនយោបាយដ៏អស្ចារ្យ ដោយទទួលបានការបោះឆ្នោតពីប្រជាជនអាមេរិក ៧០លាននាក់។ សេចក្ដីថ្លែងការណ៍របស់លោក Bush គឺបានធ្វើឱ្យលោកក្លាយជាឥសរ្សជនសាធារណរដ្ឋកំពូលម្នាក់ ដែលទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន។

គួរជម្រាបថា ក្រៅពីលោក Bush សមាជិកសភាបក្សសាធារណរដ្ឋដូចជាលោក មីត រ៉ុមនី (Mitt Romney) និងលោកស្រី លីសា មើកូវស្គី (Lisa Murkowski) ក៏បានផ្ញើសារអបអរជ័យជម្នះរបស់លោក បៃដិន ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ លោក Bush នៅតែយល់ថា លោក ត្រាំ មានសិទ្ធិដើម្បីស្នើឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ព្រមទាំងជំទាស់នឹងលទ្ធផលបោះឆ្នោតតាមផ្លូវច្បាប់៕