(វ៉ាស៊ីនតោន)៖ សមាជិកនៃគណបក្សសាធារណរដ្ឋ ដែលលេចធ្លោជាងគេម្នាក់នៅក្នុងសភាអាមេរិក នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) បានជំរុញឱ្យលោក ដូណាល់ ត្រាំ «តស៊ូឡើង» និងមិនត្រូវបោះបង់ចោល ឬទទួលស្គាល់ថាគូប្រជែងរបស់ខ្លួនគឺលោក ចូ បៃដិន (Joe Biden) ឈ្នះក្នុងការប្រគួតប្រជែងយកសេតវិមានឡើយ ដោយបានចោទប្រកាន់ដោយគ្មានភស្តុតាងថា ការក្លែងបន្លំសន្លឹកឆ្នោតដោយប្រធានាធិបតី ត្រូវតែធ្វើការស៊ើបអង្កេត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

សមាជិកនៃគណបក្សសាធារណរដ្ឋផ្សេងទៀត ក៏បានព្យាយាមដើរលើផ្លូវដែលល្អប្រសើរជាងមុនផងដែរ ដោយបាននិយាយថា បញ្ហាប្រឈមចំពោះផ្នែកច្បាប់ត្រូវតែបានអនុញ្ញាតឱ្យប្រព្រឹត្តទៅ។ សមាជិកព្រឹទ្ធសភាអាមេរិកលោក លីនសី ហ្ក្រាហាំ (Lindsey Graham) មកពីរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងធ្វើការជាមួយ បៃដិន ប្រសិនបើលោកឈ្នះ ប៉ុន្តែបើលោក ត្រាំ មិនបានចាញ់នោះទេ សូមកុំបោះបង់ចោលលោកប្រធានាធិបតី... ត្រូវតែតស៊ូឡើង» 

លោក Graham បានចោទប្រកាន់ថា មានការក្លែងបន្លំនៅក្នុងការបោះឆ្នោត តាមរយៈអ៊ីមែលដោយគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់ ដែលជនជាតិអាមេរិកមួយចំនួនធំបានធ្វើឡើង កាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយសារតែការឆ្លងរាលដាលនៃជំងឺ COVID-19។ លោក ហ្ក្រាហាំ ដែលធ្លាប់ជាអតីតអ្នករិះគន់លោក ត្រាំ យ៉ាងចាស់ដៃនោះបានប្រែក្លាយអ្នកគាំទ្រវិញ និងបានហៅការបោះឆ្នោតតាមរយៈអ៊ីមែលនោះថា «ជាការបោះឆ្នោតដែលប្រៀបដូចជាថ្លុកកំប្លែង»។

ទន្ទឹមនឹងនេះ សមាជិកសភាជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋ លោក ខេវិន ម៉ាខាធី (Kevin McCarthy) ក៏បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «អ្វីដែលយើងត្រូវការក្នុងការប្រកួតប្រជែងតំណែង ជាប្រធានាធិបតីអាមេរិក គឺត្រូវតែធ្វើឱ្យប្រាកដថា រាល់ការបោះឆ្នោតស្របច្បាប់ ត្រូវបានគេរាប់យ៉ាងច្បាស់លាស់ និងរាល់បញ្ហាប្រឈមចំពោះផ្នែកច្បាប់គួរតែត្រូវបានគេដឹងលឺ ហើយពេលនោះសហរដ្ឋអាមេរិកនឹងសម្រេចថា តើអ្នកណាទើបជាអ្នកឈ្នះក្នុងការប្រកួតប្រជែងនេះ»។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាង នៃការក្លែងបន្លំម្តងហើយម្តងទៀត និងថែមទាំងបានអះអាងថា លោកបានឈ្នះការបោះឆ្នោត បើទោះបីជាការព្យាករណ៍ផ្អែកលើលទ្ធផលបង្ហាញថា លោក ចូ បៃដិន ជាអ្នកឈ្នះយ៉ាងច្បាស់ក៏ដោយ។ បច្ចុប្បន្ននេះលោក បៃដិន ទទួលបានតំណាងអ្នកបោះឆ្នោតចំនួន ២៧៩ ចំណែកលោក ត្រាំ បានទទួលត្រឹមតែ ២១៤ ប៉ុណ្ណោះ៕