(សៀងហៃ)៖ សារព័ត៌មានរដ្ឋចិន Global Times បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយរំលេចចេញនូវក្តីសង្ឃឹម និងសុទិដ្ឋិនិយមចំពោះអនាគតរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន។ សញ្ញាវិជ្ជមានជាច្រើនដែលនឹងកើតឡើងនោះ គឺទៅលើវិស័យពាណិជ្ជកម្ម ដែលបានធ្លាក់ក្នុងសភាពខ្មៅងងឹតបំផុត នៅក្នុងរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ហើយចិនក៏រំពឹងផងដែរថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំនៃបក្សប្រជាធិបតេយ្យ អាចនឹងឲ្យចិនស្រួលធ្វើការជាមួយផងដែរ។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មាន CNA។

ទន្ទឹមនឹងការទទួលស្គាល់ថា សហរដ្ឋអាមេរិកទំនងជាមិនបន្ធូរបន្ថយសម្ពាធលើចិន ពាក់ព័ន្ធបញ្ហានានាដូចជានៅ ស៊ីនជាំង (Xinjiang) និងហុងកុង (Hong Kong) នោះ កាសែតដែលគាំទ្រដោយរដ្ឋចិនឈ្មោះ Global Times បានសរសេរថា ទីក្រុងប៉េកាំងគួរតែប្រឹងប្រែងធ្វើការ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋបាលលោក ចូ បៃដិន ឱ្យបានហ្មត់ចត់បំផុតតាមដែលអាចធ្វើទៅបាន។

បើតាមការផ្សាយរបស់ Global Times រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជិតបួនឆ្នាំមកនេះបានបង្កើនភាពតានតឹងដោយចេតនា ទៅលើទំនាក់ទំនងរវាងចិន និងអាមេរិក ជាពិសេសបន្ទាប់ពីបានចេញនូវយុទ្ធសាស្ត្រធ្វើយុទ្ធនាការ ដើម្បីដាក់សម្ពាធប្រទេសចិន ដែលនាំឱ្យមាន «ពពុះ» កើតឡើងនៅក្នុងគោលនយោបាយអាមេរិក និងចិន។ Global Times បានសង្កត់ធ្ងន់ថា «យើងសង្ឃឹមថាវាអាចទៅរួច នៅក្នុងការបំបែកពពុះទាំងនោះបាន» ក្រោយលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីថ្មី។

គួរបញ្ជាក់ថា ទំនាក់ទំនងដ៏តានតឹងរវាងរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ និងប្រទេសចិន គឺមានច្រើនមុខខ្លាំងណាស់ដូចជា សង្គ្រាមពាណិជ្ជកម្ម, បញ្ហាសិទ្ធិមនុស្សនៅចិន, បញ្ហាសមុទ្រចិនខាងត្បូង និងជម្លោះព្រំដែនចិន-ឥណ្ឌា ដែលអាមេរិកបានលូកដៃកាន់តែជ្រៅ តាមរយៈការកៀរគរសម្ព័ន្ធនៅក្នុងតំបន់ ដើម្បីប្រឈមមុខគ្នាដោយផ្ទាល់ជាមួយចិន៕