(ឡាហាវ៉ាន់)៖ យោងតាមសារ Twitter របស់ប្រធានាធិបតីគុយប៉ាលោក មីហ្គែល ឌីយ៉ាស ខាណែល (Miguel Díaz-Canel) ដែលបានបង្ហោះនៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ (ពេលវេលានៅទីក្រុងឡាហាវ៉ាន់) បានបង្ហាញពីគោលជំហររបស់ ប្រទេសដីកោះការីបៀនមួយនេះ ចំពោះការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកយ៉ាងដូច្នេះថា «យើងទទួលស្គាល់ចំពោះការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីរបស់ពួកគេ។ ប្រជាជនអាមេរិកបានជ្រើសរើសគន្លងថ្មីមួយ ហើយយើងជឿជាក់លើលទ្ធភាព នៃទំនាក់ទំនងទ្វេភាគី ដែលមានលក្ខណៈស្ថាបនា និងចេះគោរពគ្នាទៅវិញទៅមក»

គួររំលឹកថា ទំនាក់ទំនងរវាងគុយបា និងសហរដ្ឋអាមេរិក បានស្គាល់ភាពតានតឹងនឹងគ្នាមួយកម្រិត ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០១៧។ លោក ត្រាំ បានរឹតបន្តឹងទណ្ឌកម្មលើប្រទេសគុយបាឡើងវិញ ដែលធ្លាប់ត្រូវបានបន្ធូរបន្ថយ កាលពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។ កាលពីខែមិថុនា ឆ្នាំ ២០១៩ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានដាក់កំហិតយ៉ាងខ្លាំង ចំពោះការធ្វើដំណើរទៅកាន់ប្រទេសគុយបាម្តងរួចទៅហើយ ក្នុងគោលបំណងដើម្បីដាក់សម្ពាធបន្ថែមទៀត លើរដ្ឋាភិបាលកុម្មុយនិស្តមួយនេះ សម្រាប់ការគាំទ្ររបស់ខ្លួន ចំពោះប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Madoru)។

ទោះជាយ៉ាងណាក្រោយលោក ចូ បៃដិន ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ក្នុងអាណត្តិរបស់លោក អូប៉ាម៉ា បានផ្តួលប្រធានាធិបតីកំពុងកាន់តំណែង លោក ដូណាល់ ត្រាំ រដ្ឋបាលដឹកនាំបន្ទាប់ត្រូវបានគេមើលឃើញថា ក៏មិនសូវខុសពីជំនាន់លោក អូបាម៉ា ដឹកនាំប៉ុន្មាននោះដែរ។ ក្នុងន័យនេះទីក្រុងឡាហាវ៉ាន់មានក្តីសង្ឈឹមថា ទំនាក់ទំនងគុយបា-អាមេរិក អាចនឹងមានភាពល្អប្រសើរឡើងជាងនេះ៕