(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយនៅថ្ងៃអាទិត្យ ទី ០៨ ខែវិច្ឆិកានេះថា រដ្ឋបាលអាមេរិកដែលនឹងឡើងមកបន្ទាប់ គួរតែប្រើឱកាសនេះដើម្បីកែប្រែ និងទូទាត់ចំពោះកំហុសទាំងឡាយដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសាងកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានស្រង់សំដីរបស់លោក Rouhani មកចុះផ្សាយយ៉ាងដូច្នេះថា«គោលនយោបាយបំផ្លាញរបស់លោកត្រាំ ត្រូវបានជំទាស់ដោយប្រជាជនអាមេរិក។ រដ្ឋបាលថ្មីរបស់អាមេរិក គួរតែប្រើប្រាស់ឱកាសនេះ ដើម្បីកែប្រែកំហុសមានកន្លងមក»។

គួរជម្រាបថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប្រែកាន់តែអាក្រក់ឡើងមួយកម្រិតទៀត នៅក្នុងអាណត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោកត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុសក្លេអ៊ែរអ៊ីរ៉ង់២០១៥ ដែលលោកបានចាត់ទុកថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត និងជាការខាតបង់មួយសម្រាប់អាមេរិក។

ដោយឡែក ប្រធានាធីបតីជាប់ឆ្នោតលោកចូ បៃដិន បានសន្យាថា នឹងនាំអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ជាមួយប្រទេសមហាអំណាចចំនួន ០៦ផ្សេងទៀតឡើងវិញ ប្រសិនបើទីក្រុងតេហេរ៉ង់ វិលត្រឡប់ទៅរកការអនុលោមតាមច្បាប់នោះដែរ៕