(ឡុងដ៍)៖ ប្រមុខកងទ័ពអង់គ្លេស លោក Nick Carter បានព្រមានថាភាពមិនច្បាស់លាស់នៃសកលលោកនាពេលបច្ចុប្បន្ន រួមទាំងការព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចដែលបង្ក ឡើងដោយ COVID-19 អាចនឹងរុញច្រានពិភពលោក ស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមលោកលើកទី៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Nick Carter ធ្វើការកតសម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយ នៅថ្ងៃអាទិត្យនេះ ចំថ្ងៃនៃការរំលឹកខួបដល់ទាហានអង់គ្លេស ដែលបានស្លាប់ និងរបួសនៅក្នុង សង្រ្គាម។ លោក Nick Carter បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាយើងកំពុងរស់នៅក្នុងពេលវេលាមួយ ដែលពិភពលោក កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ និងការព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយ COVID-19 ហើយនេះធ្វើឱ្យខ្ញុំយល់ថាពិភពលោកអាចនឹងប្រឈមមុខជម្លោះទូទាំងតំបន់ជាច្រើន ដែលវាអាចនឹងបង្ក ទៅជាសង្រ្គាមលោកថ្មីមួយ»

គួរជម្រាបថា បើតាមលោក Nick Carter ដែលបានក្លាយជាប្រមុខកងទ័ពអង់គ្លេស ក្នុងឆ្នាំ២០១៨ វាពិតជាមានសារៈសំខាន់ណាស់ដែលគេទាំងអស់គ្នាត្រូវតែចងចាំ ចំពោះអ្នកដែលបានស្លាប់ក្នុងសង្រ្គាម ពីព្រោះវាគឺជាសារព្រមានមួយកុំឱ្យនរណាម្នាក់ ប្រព្រឹត្តកំហុសឆ្គងកាលពីអតីតកាលសាជាថ្មី៕