(ហ្សាការតា)៖ មេដឹកនាំនៃប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅថ្ងៃអាទិត្យនេះ បានផ្ញើសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ដែលទទួលបាន ជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ ជាមួយក្ដីរំពឹងថាទំនាកទំនងជាមួយសហរដ្ឋអាមេរិក នឹងកាន់តែរឹងមាំ ក្រោមការដឹកនាំនៃរដ្ឋបាលលោក បៃដិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសារបង្ហោះលើ Twitter ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅ ដល់លោក ចូ បៃដិន និងលោកស្រី Kamala Harris នៅក្នុងជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ពួកអ្នក។ លទ្ធផលដ៏អស្ចារ្យនេះ គឺឆ្លុះបញ្ចំងពីក្ដីសង្ឃឹមដែលបានផ្ញើលើប្រជាធិបតេយ្យ»។ លោក Widodo បន្ថែមទៀតថា ឥណ្ឌូណេស៊ី ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋបាលរបស់លោក បៃដិន សំដៅពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ប្រជាធិបតេយ្យ និងប្រព័ន្ធពហុភាគីនិយម។

ក្រៅពីលោក Widodo មេដឹកនាំពិភពលោកជាច្រើន ក្នុងនោះរួមមានទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin ក៏បានផ្ញើសារអបអរសាទរលោក បៃដិន ផងដែរ ដោយហៅជ័យជ្នះរបស់លោកថា «ជ័យជម្នះជាប្រវត្តិសាស្ត្រ»

គួរជម្រាបថា លោក ចូ បៃដិន បានយកឈ្នះលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដោយទទួលបានអង្គបោះឆ្នោត ២៩០ ទល់នឹង២១៤។ ប៉ុន្តែលោក ដូណាល់ ត្រាំ និងអ្នកគាំទ្ររបស់លោកមិនបានទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ទេ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានសន្យាដែរថាលោកតវ៉ា លទ្ធផលបោះឆ្នោតនេះតាមផ្លូវតុលាការ ស្របពេលមនុស្សអ្នកជំនិតរបស់លោក ត្រាំ អះអាងថាលោកប្រធានាធិបតីរូបនេះ ប្រហែលជានឹងមិនទទួលស្គាល់បរាជ័យក្នុង ពេលឆាប់ៗនេះនោះទេ។

បន្ថែមពីលើនេះ ជ័យជម្នះរបស់លោក បៃដិន ក៏បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់សហរដ្ឋអាមេរិកផងដែរ ដោយលោក បៃដិន នឹងក្លាយជាប្រធានាធិបតីអាមេរិក មានវ័យចំណាស់បំផុត រីឯលោកស្រី Kamala Harris នឹងក្លាយជាអនុប្រធានាធិបតីស្រ្តីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិក ខណៈលោក ត្រាំ ក្លាយជាប្រធានាធិបតី កំពុងកាន់អំណាចដំបូងគេ ដែលចាញ់ក្នុងការបោះឆ្នោត ចាប់តាំងពីឆ្នាំ១៩៩២មក៕