(វ៉ាស៊ីនតោន)៖ មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាចូលរួមក្នុងក្បួនដង្ហែរអបអរសាទរជ័យជម្នះរបស់ លោក ចូ បៃដិន នៅទូទាំងសហរដ្ឋអាមេរិក ខណៈក្រុមអ្នកគាំទ្ររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាប្រមូលគ្នាធ្វើបាតុកម្មតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោត ដែលពួកគេចោទថាមានការលួចបន្លំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Washington Post នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ នៅក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania បានចោទប្រកាន់ត្រង់ៗថា គណបក្សប្រជាធិបតេយ្យ កំពុងព្យាយាមលួចសន្លឹក ឆ្នោត ហើយថាការបោះឆ្នោតនៅមិនទាន់បញ្ចប់ឡើយ ដោយលោក បៃដិន ប្រកាសពីជ័យជម្នះហាក់ដូចជាលឿនពេក។ ចំណែកឯ ក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ក្រុមអ្នកគាំទ្រលោក ត្រាំ ក៏បានជួបជុំគ្នាធ្វើការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតផងដែរ ជាមួយការស្រែកច្រៀងថា «ការបោះឆ្នោតមានការក្លែងបន្លំ បញ្ឈប់ការលួច សន្លឹកឆ្នោត»

គួរជម្រាបថា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក នំាគ្នាប្រកាថាលោក ចូ បៃដិន គឺជាប្រធានាធិបតីជាប់ឆ្នោត ដោយទទួលបានអង្គបោះឆ្នោត២៩០ លោក ដូណាល់ ត្រាំ ដែលទទួលបានអង្គបោះឆ្នោតត្រឹមតែ២១៤ បានបដិសេធទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ជាមួយការសន្យាថាលោកនឹងបន្តតវ៉ាលទ្ធផលបោះឆ្នោតនេះ តាម ផ្លូវតុលាការជាបន្ត៕