(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានកត់ត្រា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបរហូតដល់ទៅជាង ១២៤,២៣២ករណីបន្ថែមទៀតក្នុងមួយថ្ងៃ នាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ជាង ១០,១៨២,៨១៨នាក់ ចំពោះការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសដោយ លោក ដូណាល់ ត្រាំ មិនទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ worldometers នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

បើពិនិត្យលើទិន្នន័យដដែល នៅក្នុងរយៈពេលពេញមួយថ្ងៃដូចគ្នា អ្នកជំងឺសរុប ១,០៣១នាក់ទៀតបានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនដល់ ២៤៣,២៥៧នាក់ ខណៈអ្នកជាសះស្បើយសរុបវិញ ក៏បានកើនឡើងដល់ជាង ៦,៤៤១,៧៤៤នាក់ផងដែរ។ សហរដ្ឋអាមេរិក នៅតែបន្តឈរលេខ ១ ដដែល ក្នុងនាមជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតលើលោក។

គួរបញ្ជាក់ថា ថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) គឺថ្ងៃទី៤ហើយដែលសហរដ្ឋអាមេរិក បានរាយការណ៍អំពីការបំបែកកំណត់ត្រា នៃចំនួនអ្នកឆ្លង COVID-19 ថ្មីៗក្នុងមួយថ្ងៃ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ បាតុកម្ម, ការប្រមូលផ្តុំគ្នា និងការតវ៉ាដ៏ចម្រូងចម្រាស់ ដោយមិនបានអនុវត្តវិធានការសុវត្ថិភាព ត្រូវបានគេជឿជាក់ថា ជាកត្តាចម្បងៗដែលជំរុញឲ្យករណីឆ្លង COVID-19 កើនឡើងយ៉ាងគំហុក៕