(វ៉ាស៊ីនតោន)៖ មេដឹកនាំពិភពលោកជាច្រើន បានផ្ញើសារអបអរសាទរជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ជាបណ្ដើរៗហើយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកប្រកាសថាលោកបានផ្ដួលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយទទួលបានអង្គបោះឆ្នោត ឬអ្នកបោះឆ្នោតតំណាង២៩០ ទល់នឹង ២១៤។ តែព្រមពេលជាមួយគ្នា លោក ត្រាំ មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិនឡើយ ហើយថានឹងតវ៉ាតាមផ្លូវច្បាប់ជាបន្ត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ថ្លែងនៅសារមួយបង្ហោះលើ Twitter នាយរដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអបអរជ័យជម្នះរបស់លោក ចូ បៃដិន និងលោកស្រី Kamala Harris ដោយ និយាយថាលោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលអាមេរិកថ្មីរបស់អ្នកទាំង២។ លោក Trudeau បានបញ្ជាក់ដូច្នេះថា៖«ប្រទេសយើងទាំង២ គឺជាមិត្ត, ដៃគូ និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ...ហើយខ្ញុំពិតជាកំពុងទន្ទឹមរង់ចាំធ្វើការជាមួយអ្នកទាំង២»

ក្រៅពីលោក Trudeau, នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson, អធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merkel, ប្រធានាធិបតីបារាំងលោក ម៉ាក្រុង នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte, នាយរដ្ឋមន្ត្រីប៊ែលហ្សិក, នាយករដ្ឋមន្ត្រីអេស្ប៉ាញ, នាយករដ្ឋមន្ត្រីជប៉ុន, នាយករដ្ឋមន្ត្រីឥណ្ឌា រួមទាំងប្រមុខដឹកនាំ សហភាពអឺរ៉ុប និងមេដឹកនាំជាច្រើនទៀត ក៏បានផ្ញើសារអប់អរសាទរជ័យជម្នះរបស់ លោក ចូ បៃដិន ផងដែរ។

គួរជម្រាបថា លោក ចូ បៃដិន បានផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ ដោយទទួលបានអង្គបោះឆ្នោត ឬអ្នកបោះឆ្នោត តំណាង ២៩០ទល់នឹង២១៤ ហើយនេះមិនទាន់រាប់បញ្ចូលរដ្ឋ Georgia (មានអង្គបោះឆ្នោត១៦) ដែលមានលោក បៃដិន កំពុងនាំ មុខទេ។ បើលោក បៃដិន ឈ្នះក្នុងរដ្ឋនេះទៀត នោះលោកនឹងទទួលបានអង្គបោះឆ្នោត៣០៦ ឯណោះ។ ក៏ប៉ុន្តែ លោក ត្រាំ មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិនឡើយ ហើយថានឹងបន្ត ធ្វើការតវ៉ាតាមផ្លូវច្បាប់ជំទាស់នឹងលទ្ធផលនេះ៕