(ញូដេលី)៖ ផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹកបានបន្តគ្របដណ្ដប់លើរដ្ឋធានីរបស់ឥណ្ឌានិងតំបន់ជាយក្រុងនៅជុំវិញ នៅថ្ងៃសុក្រនេះ ខណៈអ្នកជំនាញសុខភាពបានព្រមានថា វាអាចបង្កឲ្យការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 កាន់តែមានភាពលំបាក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ការបំពុលបរិយាកាសនៅផ្នែកខ្លះនៃទីក្រុងញូដេលីបានកើនឡើងដល់ទៅ៩ដង លើសដាច់ខ្លាំងពីកម្រិតសុវត្ថិភាពដែលអង្គការសុខភាពពិភពលោក (WHO) បានណែនាំទៅទៀត។ កម្រិតនៃភាគល្អិតគ្រោះថ្នាក់បំផុតហៅថា PM 2.5 បានកើនឡើងរហូតដល់ ២៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលអ្នកជំនាញចាត់ទុកថាជាកម្រិតគ្រោះថ្នាក់ក្នុងការដកដង្ហើម។

ជាទូទៅ ផ្សែងអ័ព្ទពុលតែងធ្វើឲ្យទីក្រុងញូដេលី ដែលមានពលរដ្ឋរស់នៅច្រើនជាង ២០លាននាក់ ក្លាយជាទីក្រុងដែលមានកម្រិតជាតិពុលខ្ពស់បំផុតនៅលើពិភពលោក នៅខ្ទង់ៗពេលនេះ ជារៀងរាល់ឆ្នាំ។ ប៉ុន្តែផ្សែងអ័ព្ទឆ្នាំនេះកើតឡើង ចំពេលដែលទីក្រុងញូដេលីកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 ថ្មីៗ។

ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកសុខភាពបានសម្តែងពីការបារម្ភថា ប្រសិនបើគុណភាពខ្យល់នៅតែបន្តមានកម្រិតជាតិពុលខ្ពល់ នោះវាពិតជាអាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺដែលមានស្ថានភាពជំងឺរុំារ៉ៃ។ គ្រូពេទ្យវះកាត់ទ្រូងម្នាក់នៅទីក្រុងញូដេលីបានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងបន្តកត់ត្រានូវករណីឆ្លងជំងឺ COVID-19 បន្ថែមទៀត បន្ទាប់ពីគុណភាពខ្យល់ចាប់ផ្តើមធ្លាក់ចុះខ្លាំង ហើយចាប់ពីពេលនេះតទៅស្ថានភាពនឹងកាន់ធ្ងន់ធ្ងរទៅៗ»

ប្រទេសឥណ្ឌាបានរាយការណ៍ពីចំនួនករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានករណីឆ្លងច្រើនជាង ៨.៤លាននាក់ ក្នុងនោះមនុស្សយ៉ាងហោចណាស់ ១២៥,០០០នាក់បានស្លាប់។ ចំនួននៃករណីឆ្លងប្រចាំថ្ងៃនៅទូទាំងប្រទេសឥណ្ឌា ហាក់បានថយចុះបន្តិចចាប់តាំងពីពាក់កណ្តាលខែកញ្ញា ប៉ុន្តែថ្មីៗនេះករណីនៅក្នុងទីក្រុងញូដេលីបានស្ទុះកើនឡើងសាជាថ្មី។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីក្រុងញូដេលីបានកត់ត្រានូវករណីឆ្លងថ្មីៗប្រហែលជា ៧,១៧៨ ករណី។ ការកើនឡើងនៃករណីឆ្លងថ្មីៗត្រូវបានរាយការណ៍ នៅចំពេលដែលឥណ្ឌាត្រូវបារព្ធពិធីបុណ្យសាសនាធំៗ ជាពេលវេលាដែលមនុស្សជាច្រើនប្រមូលផ្តុំគ្នា។

ដោយសារភ័យខ្លាចពីលទ្ធភាពនៃការឆ្លងកាន់តែខ្លាំងឡើង អភិបាលទីក្រុងញូដេលីលោក Arvind Kejriwal កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចហាមឃាត់ការបាញ់កាំជ្រួចនៅក្នុងកំឡុងពិធីបុណ្យ Diwali នៅក្នុងសាសនាហិណ្ឌូ។ អភិបាលរូបនេះក៏បានគូសបញ្ជាក់ថា ស្ថានភាពជំងឺកូរ៉ូណានៅក្នុងទីក្រុងនឹងកាន់តែអាក្រក់ទៅៗ ដោយសារផ្សែងបំពុលបរិយាកាស។

ទន្ទឹងគ្នានេះ លោក Xiao Wu អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard របស់ចក្រភពអង់គ្លេសបានធ្វើការកត់សម្គាល់ថា យោងតាមការសិក្សាជ្រាវដែលកំពុងធ្វើឡើង បានបង្ហាញពីផលប៉ះពាល់នៃផ្សែងពុល ដែលអាចបង្កើនភាពធ្ងន់ធ្ងរនៃវីរុសកូរ៉ូណា។ អ្នកជំនាញរូបនេះ ក៏បានបន្ថែមទៀតថា ទំនាក់ទំនងរវាងការបំពុលបរិយាកាសរយៈពេលវែងនិងជំងឺ COVID-19 បានបង្ហាញពីលទ្ធភាពនៃការឆ្លងខ្ពស់ ដោយសារតែជាតិពុលខ្លាំងអាចបណ្តាលឲ្យមានជំងឺរលាកសួតរុំារ៉ៃ ដែលធ្វើឲ្យមនុស្សប្រឈមហានិភ័យកាន់តែខ្លាំងជាមួយ COVID-19។

ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងការបំពុលបរិយាកាសនិងភាពធ្ងន់ធ្ងរនៃជំងឺ COVID-19 នៅជាទ្រឹស្តីនៅឡើយទេ ប៉ុន្តែអ្នកស្រាវជ្រាវជាច្រើនរូបធ្លាប់បានបញ្ជាក់ថា ក្រៅពីការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ដង់ស៊ីតេប្រជាជន, និងសីតុណ្ហភាព ខ្យល់ពុលក៏គួរតែត្រូវបានគេចាត់ទុកថា ជាធាតុសំខាន់មួយនៃការរាតត្បាតរបស់វីរុសកូរ៉ូណាផងដែរ។

កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងបានគូសបញ្ជាក់ថា ទីក្រុងញូដេលីទំនងជានឹងរាយការណ៍ពីករណីជំងឺ COVID-19 ចំនួន ១៥,០០០ ករណីក្នុងមួយថ្ងៃនៅកំឡុងរដូវរងា ដោយសារហេតុលមួយផ្នែកគឺ នឹងមានការកើតជំងឺផ្លូវដង្ហើមខ្លាំងក្នុងរដូវរងា ដែលបណ្តាលមកពីផ្សែងពុល។ យ៉ាងណាមិញ បញ្ហាកង្វក់ខ្យល់នៅទីក្រុងញូដេលីមិនមែនជារឿងថ្មីនោះឡើយ។

ជារៀងរាល់រដូវរដូវរងា កម្រិតខ្យល់កខ្វក់នៅក្នុងរដ្ឋធានីកើនដល់កម្រិតគ្រោះថ្នាក់ ជាមួយនឹងអ័ព្ទពណ៌លឿងខ្មៅគ្របដណ្តប់ពេញទីក្រុងដែលអាចអូសបន្លាយអស់រយៈពេលជាច្រើនខែ។ បន្ថែមពីលើនេះ ការដុតកម្ទេចកំទីដំណាំនៅតាមកសិដ្ឋាននានានៅក្នុងរដ្ឋក្បែរនោះ ក៏បានបញ្ចោញផ្សែងដ៏ច្រើនយ៉ាងច្រើនសន្ធឹកសណ្ធាប់ដែលរសាត់ទៅទីក្រុងញូដេលីផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងញូដេលីបាននិងកំពុងបន្តកិច្ចខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងឆ្នាំ ២០២០នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាស ដោយបានរៀបចំនូវមូលដ្ឋាន ដើម្បីតាមដានទីតាំងទាំងឡាយ ដែលមានកម្រិតបំពុលធ្ងន់ធ្ងរខ្លាំងជាងគេ, ប្រើប្រាស់វិធីសាស្រ្តដើម្បីបន្ថយកម្ទេចធូលីក្នុងខ្យល់ រួមទាំងបន្ថយការដុតសំណល់ក្នុងវិស័យកសិកម្ម ជាដើម។

យ៉ាងណាក៏ដោយ មនុស្សជាច្រើនយល់ថាសកម្មភាពទាំងអស់នេះ នៅតែមិនទាន់គ្រប់គ្រាន់។ លោក Bhavreen Kandhari សកម្មជនបរិស្ថាននៅទីក្រុងញូដេលីបានលើកឡើងថា «រដ្ឋាភិបាលរបស់យើងភ្ញាក់ខ្លួនតែពេលដែលអាសន្នមកដល់ប៉ុណ្ណោះ ប៉ុន្តែយើងមិនចង់បានដំណោះស្រាយមួយភ្លែតៗបែបនេះឡើយ»៕