(ណៃពិដោ)៖ ពលរដ្ឋ ៣៧លាននាក់ នៅក្នុងចំណោមប្រជាជនសរុប ៥៦លាននាក់របស់ប្រទេសមីយ៉ាន់ម៉ា នឹងចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មី នៅថ្ងៃអាទិត្យស្អែកនេះ ដោយពួកគេមានជម្រើសច្រើនណាស់ក្នុងអាណត្តិនេះ ព្រោះគណបក្សនយោបាយរហូតដល់ទៅជាង ៩០គណបក្ស ឯណោះបានចុះឈ្មោះចូលរួមប្រកួតប្រជែងគ្នា ក្នុងនោះរួមមានទាំងគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកាស្អែកនេះ លោកស្រី អោងសាន ស៊ូជី មានក្តីរំពឹងខ្ពស់ថា គណបក្សរបស់លោកស្រី និងទទួលបានជ័យជម្នះជាថ្មី ហើយលោកស្រីក៏នឹងអាចបន្តដឹកនាំប្រទេស ០៥ឆ្នាំទៅមុខទៀតដែរ បើទោះបីជាបញ្ហា COVID-19 និងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅតែបន្តលងបន្លាច រដ្ឋាភិបាលរបស់លោកស្រីក៏ដោយ។ ក្រុមអ្នកតាមដាននយោបាយអន្តរជាតិបានលើកឡើងថា គណបក្សរបស់លោកស្រី ស៊ូជី អាចនឹងបន្តជាប់ឆ្នោតមួយអាណត្តិទៀត ប៉ុន្តែលោកស្រីក៏នឹងអាចបាត់បង់អសនៈខ្លះៗនៅក្នុងសភាដែរ។

គួរបញ្ជាក់ថា បើតាមរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា ដែលត្រូវបានសម្រួលដោយអតីតរបបដឹកនាំយោធា កាលពីឆ្នាំ២០០៨ យោធាមានអសនៈ ២៥% ជានិច្ចនៅក្នុងសភា ដែលជាសំឡេងគ្រប់គ្រាន់ក្នុងការរាំងខ្ទប់ ចេតនាណាមួយក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ បើគេសម្លឹងមើលទៅលើលទ្ធផល ក្រោយការដឹកនាំរបស់លោកស្រី អោងសាន ស៊ូជី ពេញមួយអាណត្តិនេះ សេដ្ឋកិច្ចមីយ៉ាន់ម៉ាអាចមើលឃើញកំណើន ប៉ុន្តែហាក់មានទំហំតិចតួចជាងការសន្យា ខណៈការបង្រួបបង្រួមជាតិវិញ គឺជួបភាពចន្លោះប្រហោងខ្លាំង ជាពិសេសនៅក្រោយបញ្ហារ៉ូហ៊ីងយ៉ា ផ្ទុះឡើងកាលពីឆ្នាំ២០១៧ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះលោកស្រី ស៊ូជី ធ្លាក់ចុះយ៉ាងដុនដាបនៅលើឆាកអន្តរជាតិ។

ងាកទៅមើលកាលពីអាណត្តិឆ្នាំ២០១៥ គណបក្ស NLD របស់លោកស្រី អោងសាន ស៊ូជី បានទទួលអាសនៈសរុប ២៣៨ ក្នុងចំណោមអសនៈសរុប ៤៤០ នៅក្នុងសភាតំណាងរាស្ត្រ (រដ្ឋសភា) ខណៈនៅព្រឹទ្ធសភាវិញគណបក្សដដែលនេះបានទទួលអសនៈសរុប ១២៦ ក្នុងចំណោមអសនៈសរុប ២២៤ ដែលស្មើនឹងសំឡេងភាគច្រើននៅក្នុងសភាទាំងពីរជាន់ថ្នាក់៕