(ប៉េកាំង)៖ នៅឆ្នាំ២០២១ ចិននឹងបើកទ្វារចានតេឡេស្កូបធំបំផុតនៅលើពិភពលោក ហៅកាត់ថា FAST (Five-hundred-meter Aperture Spherical Radio Telescope) ដើម្បីស្វាគមន៍ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ ឲ្យមកធ្វើការសិក្សាស្រាវជ្រាវផ្សេងៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅពេលឈានចូលឆ្នាំក្រោយនេះ ចានតេឡេស្កូប FAST នឹងចាប់ផ្តើមធ្វើប្រតិបត្តិការពេញលេញតែម្តង បន្ទាប់ពីឆ្លងកាត់ធ្វើវាយតម្លៃលើផ្នែកបច្ចេកទេស និងសមត្ថភាពជាបន្តបន្ទាប់។ FAST មានសមត្ថភាពខ្ពស់បំផុតក្នុងការចាប់យកសញ្ញា នៃបាតុភូតផ្សេងៗនៅក្នុងទីអវកាស។ មកទល់ពេលនេះ FAST បានប្រទះឃើញផ្កាយ pulsar សរុបច្រើនជាង ២៤០ដួង។

គួរជម្រាបថា ចានតេឡេស្កូបយក្ស FAST មានសក្តានុពលយ៉ាងធំសម្បើម ក្នុងការចាប់សញ្ញានៃរលកថាមពលវិទ្យុដ៏អាថ៌កំបាំងហៅថា FRB (Fast Radio Burst) ព្រមទាំងរលកទំនាញ gravitational wave ជាដើម។ បន្ទាប់ពី FAST គឺចានតេឡេស្កូប អារ៉ាស៊ីបូ (Arecibo) នៅឯកោះ ភើតូរីកូ (Puerto Rico) របស់អាមេរិក ដែលមានទំហំធំជាងគេទីពីរនៅលើលោក៕