(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានចេញមុខបដិសេធសេចក្តីរាយការណ៍មួយរបស់សារព័ត៌មានអង់គ្លេស The Sun ដែលថាប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងត្រៀមលាលែងពីតំណែង គឺអាចនៅឆ្នាំ២០២១ខាងមុខនេះតែម្តង ដោយសារបញ្ហាសុខភាព ដោយលោក Peskov បានបញ្ជាក់អះអាងថា ស្ថានភាពសុខភាពរបស់លោក ពូទីន គឺមានភាពល្អធម្មតា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ឆ្លើយតបទៅនឹងសំណួរថាតើលោកប្រធានាធិបតីរុស្ស៉ី ពិតជាគ្រោងនឹងលាលែងពីតំណែងមែនឬយ៉ាងណានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា «អត់ទេ... លោកប្រធានាធិបតីមានសុខភាពប្រសើរបំផុត»។ សារព័ត៌មាន The Sun ដោយផ្អែកលើអ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីម្នាក់ឈ្មោះ វ៉ាឡឺរី សូឡូវៃ (Valery Solovei) បានឱ្យដឹងថា មិត្តស្រីរបស់លោក ពូទីន មានអាយុ៣៧ឆ្នាំឈ្មោះ អាលីណា កាបេវ៉ា (Alina Kabaeva) និងកូនស្រីទាំង០២នាក់របស់លោក គឺជាអ្នកជំរុញឱ្យលោកលាលែងពីតំណែង។

លោក Solovei បានបន្ថែមទៀតថា អ្វីដែលជាមូលហេតុចម្បងគឺ លោក ពូទីន ប្រហែលជាមានជំងឺ Parkinson ដែលជាជំងឺប្រព័ន្ធប្រសាទមួយប្រភេទ ស្របពេលបុរសខ្លាំងរូបនេះត្រូវបានគេប្រទះឃើញ បញ្ចេញអការៈរោគនៃជំងឺនេះ ក្នុងនោះរួមមានការញាក់ជើងនិងម្រាមដៃជាញឹកញាប់ កាលពីពេលថ្មីៗនេះ។

គួរជម្រាបថា ទោះជាបែបនេះក្តី លោក ពូទីន មានភាពល្បីល្បាញជាយូរយារណាស់មកហើយ អំពីរូបរាងកាយដ៏រឹងមាំរបស់លោក ខណៈបុរសខ្លាំងរបស់រុស្ស៊ីរូបនេះ គឺជាអ្នកស្រឡាញ់ខាងវិស័យកីឡាជាច្រើនប្រភេទ និងអាចតស៊ូប្រយុទ្ធបានគ្រប់កាលៈទេសៈទាំងអស់៕